លោក ប៉ែន បូណា ៖ អន្តរជាតិយល់ច្បាស់ពីតម្លៃ តស៊ូដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលការពារទឹកដី
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា សហគមន៍អន្តរជាតិបានយល់កាន់តែច្បាស់អំពីតម្លៃនៃការតស៊ូដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានដោយយោធាថៃបង្កវិនាសកម្មមកលើតំបន់ជនស៊ីវិលកម្ពុជា ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» លោក ប៉ែន បូណា បានលើកឡើងថា សហគមន៍អន្តរជាតិពិតជាបានយល់កាន់តែច្បាស់អំពីតម្លៃនៃការតស៊ូដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដើម្បីការពារបូរណភាពទឹកដី និងមើលឃើញកាន់តែច្បាស់ពីអំពើឈ្លានពានយ៉ាងព្រៃផ្សៃ អមនុស្សធម៌របស់ប្រទេសថៃដែលបានបង្កវិនាសកម្មធ្ងន់ធ្ងរមកលើជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជា ។

លោកបន្តថា “ អន្តរជាតិពិតជាយល់ច្បាស់ហើយ បើទោះបីជាមេដឹកនាំថៃខិតខំនិយាយភូតកហុក ដើម្បីបង្វែងការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងការពិតនេះបានឡើយ ។ ដូច្នេះប្រទេសឈ្លានពានមួយនេះ នឹងត្រូវទទួលផលតបវិញ សមតាមអំពើឃោរឃៅរបស់ខ្លួនជាក់ជាមិនខាន”។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជារបស់ក្រសួងមហាផ្ទៃ គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ ១៩នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើង ទាំងនៅក្នុងខេត្តរងការឈ្លានពាន និងខេត្តផ្សេងៗ ទៀត។ សម្រាប់ករណីពលរដ្ឋនៅជំរំសុវត្ថិភាព មានជនភៀសសឹកសរុប ៥១៨.៦៥១នាក់៕


