ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ប្រាប់អនុរដ្ឋមន្ដ្រីអង់គ្លេសថា ថៃពង្រីកការវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជា រហូតទៅដល់ចម្ងាយ ៩០គីឡូម៉ែត្រពីព្រំដែន

ភ្នំពេញ ៖ តាមរយៈសន្ទនាតាមទូរស័ព្ទពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី១៨ ធ្នូ នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់លោកស្រី Seema Malhotra MP អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ថា ថៃ បានពង្រីកការវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជា រហូតទៅដល់ចម្ងាយ ៩០គីឡូម៉ែត្រពីព្រំដែន។

យោងតាមសេក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនាថ្ងៃទី២១ ខែធ្នូ នេះថា ក្នុងជំនួបនោះដែល លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបន្តគាំទ្រដល់ដំណើរការសន្តិភាពកម្ពុជា-ថៃ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខាពីថ្ងៃ បានចុះហត្ថលេខាពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដោយបានសង្កត់ធ្ងន់លើការប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមដែលបានឯកភាពគ្នា។ លោក បានកត់សម្គាល់ដោយក្តី សោកស្តាយដែលភាគីថៃបានដកខ្លួនជាឯកតោភាគីចេញពីការអនុវត្តការព្រមព្រៀងទាំងនេះ។

លោក ប្រាក់ សុខុន បានជម្រាបជូន លោកស្រី Seema Malhotra អំពីការព្រួយបារម្ភ យ៉ាងខ្លាំងរបស់កម្ពុជាចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរ ដោយមានប្រជាជនកម្ពុជា ភៀសសឹកជិតកន្លះលាននាក់ ហើយចំនួននេះកំពុងបន្តកើនឡើង ក្រោមការវាយប្រហារមិនរើសមុខ ពីសំណាក់កងទ័ពថៃ។ លោក បានបញ្ជាក់ថា «ស្ថានការណ៍ដែលមានស្ថានភាពកាន់តែអាក្រក់នេះ បានរាលដាលហួសពីតំបន់ព្រំដែនហើយ ដោយថៃបានពង្រីកការវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជា រហូតទៅដល់ចម្ងាយ ៩០គីឡូម៉ែត្រពីព្រំដែន»។ ក្នុងន័យនេះ លោក បានគូសបញ្ជាក់អំពីការចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់ ពីសំណាក់ប្រទេសថៃមកលើកម្ពុជា។

ជាការឆ្លើយតប លោកស្រី Seema Malhotra បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងលើផលប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធនានា ហើយបានគូសបញ្ជាក់ពីបំណងប្រាថ្នាដ៏មុតមាំរបស់ចក្រភពអង់គ្លេស ដែលចង់ឃើញការបញ្ចប់ជម្លោះប្រដាប់អាវុធនេះ។

លោកស្រី ក៏បានលើកអំពីឆន្ទៈរបស់អង់គ្លេស ក្នុងការដើរតួនាទីស្ថាបនា និងសម្របសម្រួលការស្តារស្ថិរភាព តាមការចូលរួមជាមួយអាស៊ាន និង ដៃគូដទៃទៀត ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។ លោកស្រី ក៏បានសង្កត់ធ្ងន់ផងដែរអំពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវចូលរួមធ្វើការជាមួយគ្នា ប្រកបដោយស្ថាបនាក្នុងក្របខណ្ឌអាស៊ាន និង សង្ឃឹមថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស អាស៊ានក្នុងពេលខាងមុខនេះ នឹងសម្រេចបាននូវលទ្ធផលជាវិជ្ជមាន៕

To Top