លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៦ខ្សែ នៅក្នុងខេត្តកំពត និងខេត្តតាកែវ
កំពត-តាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៦ខ្សែ នៅក្នុងខេត្តកំពត និងខេត្តតាកែវ។

ផ្លូវជនបទទាំង៦ខ្សែមានដូចខាងក្រោម៖
ខ្សែទី១៖ (KP3) ឈ្មោះផ្លូវ វត្តស្ទឹងឆ្មា(NR3)-ស្រែចែង(NR41) ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០,០៩.គ.ម ទទឹង ៧ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំក្រាំងស្នាយ ឃុំជ្រេស ឃុំស្រែសំរោង និងឃុំស្រែ ក្នុងស្រុកឈូក និងស្រុកជុំគីរី ខេត្តកំពត ដោយមានអ្នកទទួលផលសរុបចំនួន ៣២ ៥៦៦នាក់ ។
ខ្សែទី២៖ (KP1) ឈ្មោះផ្លូវ ឈូក-ច្រកសៀម ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០,៣៨.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៤ គឺ ឃុំដំបូកខ្ពស់ ឃុំក្រាំងស្បូវ ឃុំបានៀវ និងឃុំសត្វពង ក្នុងស្រុកឈូក និងស្រុកអង្គរជ័យ ខេត្តកំពត ដោយមានអ្នកទទួលផលសរុបចំនួន ៣៤ ២៧៩នាក់ ។
ខ្សែទី៣៖ (KP2) ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១៣,២១.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៤ គឺ ឃុំទូកមាសខាងលិច ឃុំទូកមាសខាងកើត ឃុំបន្ទាយមាសខាងលិច និងឃុំបន្ទាយមាសខាងកើត ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានអ្នកទទួលផលសរុបចំនួន ៣៤ ៥៦០នាក់ ។
ខ្សែទី៤៖ (TK3) ឈ្មោះផ្លូវ អូរអន្សា-ហាន់ទា ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៣៥.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ គឺ ឃុំកំពែង និងឃុំគោកព្រិច ក្នុងស្រុកគីរីវង់ ខេត្តតាកែវ ដោយមានអ្នកទទួលផលសរុបចំនួន ៧ ៨៣៨នាក់ ។
ខ្សែទី៥៖ (TK៤) ឈ្មោះផ្លូវ ផ្លូវជាតិលេខ២-ធ្លាជ្រុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៨៩.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ គឺ ឃុំពេជសារ ឃុំព្រៃខ្លា និងឃុំក្រពុំឈូក ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយមានអ្នកទទួលផលសរុបចំនួន ៨ ២៥៣នាក់ ។
ខ្សែទី៦៖ (TK៥) ឈ្មោះផ្លូវ ធ្លាជ្រុំ-ភូមិរូង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៨៨.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ គឺ ឃុំធ្លាប្រជុំ ឃុំធ្លក និងឃុំសំបូរ ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយមានអ្នកទទួលផលសរុបចំនួន ៦ ៥៥១នាក់ ។ សូមជម្រាបជូនដែរថា ខ្សែផ្លូវទាំង ៦ខ្សែខាងលើ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី EDCF ។

ក្នុងឱកាសពិនិត្យគុណភាពផ្លូវទាំងនោះ លោក ឆាយ ឫទ្ធិសែន បានណែនាំដល់មន្ដ្រីបច្ចេកទេសឱ្យជួសជុល កែតម្រូវឡើងវិញចំពោះខ្សែផ្លូវខ្លះដែលរងការខូចខាតធ្ងន់ធ្ងរ និងដាក់ចូលក្នុងគម្រោងថែទាំប្រចាំ ដើម្បីទទួលបាននិងគុណភាពរឹងមាំ និងមានសោភណភាព សុវត្ថិភាព សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយប្រើប្រាស់បានយូរអង្វែង ៕



