លោក ពូទីន បញ្ជាក់ពីការត្រៀមខ្លួន សម្រាប់ការសន្ទនាជាមួយលោក ម៉ាក្រុង
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដរាបណាមានឆន្ទៈនយោបាយទៅវិញទៅមក នេះបើតាមលេខាធិការសារព័ត៌មានវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ បានប្រាប់ RIA Novosti ។
លោក ម៉ាក្រុង ថ្មីៗនេះបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយលោក ពូទីន ដែលលោកក៏បានឲ្យដឹងផងដែរថា លោកសង្ឃឹមថា នឹងចូលរួមក្នុងការសន្ទនាជាមួយប្រធានាធិបតីបារាំង ក្នុងអំឡុងពេលជជែកផ្ទាល់ជាមួយសាធារណជនកាលពីថ្ងៃសុក្រ លោក ប៉េស្កូវ បានបន្ថែមថា ប្រសិនបើ “មានឆន្ទៈនយោបាយទៅវិញទៅមក សេចក្តីថ្លែងការណ៍ជំហររបស់លោក ម៉ាក្រុង អាចត្រូវបានមើលជាវិជ្ជមាន”។
លោក ម៉ាក្រុង បានឲ្យដឹងកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែលថា សហភាពអឺរ៉ុប ត្រូវតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយរុស្ស៊ី ប្រសិនបើកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នបរាជ័យក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីបារាំងរូបនេះបានកត់សម្គាល់ថា ក្នុងករណីបែបនេះ ការចរចាជាមួយលោក ពូទីន នឹងចាំបាច់ និងមានប្រយោជន៍ ហើយសហភាពអឺរ៉ុប គួរតែបង្កើតមូលដ្ឋានរួមសម្រាប់ពួកគេជាមុន។ នៅថ្ងៃទី ១ ខែកក្កដា មេដឹកនាំរុស្ស៊ី និងបារាំងបាននិយាយតាមទូរស័ព្ទ ដោយកិច្ចពិភាក្សាផ្តោតលើដំណោះស្រាយដែលអាចធ្វើទៅបានសម្រាប់ស្ថានភាពនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា
