ព័ត៌មានអន្តរជាតិ

ចិន សង្ឃឹមថា ការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជា-ថៃ នឹងត្រូវបានបញ្ចប់ ហើយស្ដារសន្តិភាពឡើងវិញ

ភ្នំពេញ៖ ក្រៅពីកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាននៅម៉ាឡេស៊ី ក្រសួងការបរទេសចិន បានបង្ហាញក្ដីសង្ឃឹមថា ការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជា-ថៃ នឹងត្រូវបានបញ្ចប់ ហើយស្ដារសន្តិភាពឡើងវិញ ។

ក្រសួងការបរទេសចិន បានលើកឡើងថា ទាំងកម្ពុជានិងថៃ គឺជាសមាជិកសំខាន់នៃអាស៊ាន។ ចិនសរសើរ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេស ម៉ាឡេស៊ី ក្នុងការធានាសន្តិភាព។

ចិន ក្នុងនាមជាមិត្តភក្តិនិងអ្នកជិតខាងជិតស្និទ្ធ របស់ប្រទេសទាំងពីរ សង្ឃឹមយ៉ាងស្មោះត្រង់ថា ការប្រយុទ្ធគ្នានឹងបញ្ឈប់ និងសន្តិភាព នឹងត្រូវបានស្តារឡើងវិញ នៅពេលឆាប់បំផុត ដែលជាផលប្រយោជន៍ ធំជាងគេនៃសន្តិភាព និងស្ថិរភាពតាមព្រំដែនរបស់ពួកគេ និងជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ។

ចាប់តាំងពីការកើនឡើង ចុងក្រោយរវាងប្រទេសទាំងពីរ ចិនបានចូលរួមជាមួយភាគីទាំងសងខាងដើម្បីសន្តិភាពតាមវិធីរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី បានទូរស័ព្ទជជែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានរក្សាទំនាក់ទំនងជាមួយកម្ពុជា-ថៃ និងប្រទេសអាស៊ានពាក់ព័ន្ធ។

អ្នកតំណាងពិសេសក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ី លោក ទេង ស៊ីជុន កំពុងធ្វើដំណើរការទូតចរចារ (shuttle diplomacy) ដើម្បីជួយសម្របសម្រួលកិច្ចចរចា។ នៅក្នុងដំណើរការទូតចរចារនេះ ព័ត៌មានពាក់ព័ន្ធនឹងត្រូវបានចេញផ្សាយនៅពេលសមស្រប។ ចិននឹងបន្តធ្វើការយ៉ាងសកម្មសម្រាប់សន្តិភាព និងដើរតួនាទីស្ថាបនាសម្រាប់ការបន្ធូរបន្ថយភាពតានតឹង៕

To Top