ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង​ សំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាសម្រាប់ទិញដី ព្រមទាំងសង់ផ្ទះជូនគ្រួសារសព លោកពលបាលឯក ញ៉ែម ភារិន ដែលបានពលីជីវិតលើសមរភូមិ

បាត់ដំបង​ ៖​ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាសម្រាប់ទិញដី ព្រមទាំងសង់ផ្ទះជូនគ្រួសារសព លោកពលបាលឯក ញ៉ែម ភារិន កងទ័ពនៃវរសេនាតូច លេខ២៤១ កងពលធំ អគ្គរាគមន៍ លេខ ២ ឧត្តរមានជ័យ យោធភូមិភាគទី៤ បានពលីជីវិតលើសមរភូមិ កាលពីថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៩ឆ្នាំ ស្ថិតនៅ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសចុះសួរសុខទុក្ខជាមួយគ្រួសារសព វីរយុទ្ធជនពលីខាងលើនេះ លោកសុខ លូ អភិបាលខេត្តដោយមើលឃើញពីភាពលំបាក នៃគ្រួសាររបស់យុទ្ធជនពលី លោកបានផ្តល់ថវិកាទិញដី និងសង់ផ្ទះ ជូនអ្នកស្រី គាំ ស្រីវី ជាភរិយា នៃសព លោកពលបាលឯក ញ៉ែម ភារិន ដើម្បីជួយសម្រាលការលំបាកចំពោះគ្រួសារនៃសព។

ជាមួយគ្នានេះ លោកសុខ លូ បាននាំយកថវិការបស់រដ្ឋបាលខេត្ត និងគ្រឿងឧបភោគបរិភោគ បន្ថែមទៀតឧបត្ថមជូនគ្រួសារសពផងដែរ។

គួរបញ្ជាក់ផងដែរ កន្លងមកលោក ផេង សិទ្ធី អភិបាលរងខេត្តតំណាងលោកសុខ លូ បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបានពាំនាំយកនូវថវិកាថ្នាក់ដឹកនាំ រួមមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថវិការដ្ឋបាលខេត្ត កាកបាទក្រហមខេត្ត គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងបានកៀងគរស្ថាប័នរដ្ឋ និងសប្បុរសជនចូលរួមជាបន្តបន្ទាប់។

អត្ថបទ ៖ សុខ វិច្ឆ័យ / បាត់ដំបង / ដើមអម្ពិល
រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

To Top