លោក ឆាយ ឫទ្ធិសែន អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព វីរកងទ័ពកម្ពុជា ស៊ុយ គឹមយាង នាយរង អនុសេនាតូចទី៣ កងអនុសេនាតូចកាំភ្លើងធំ កងពលតូចលេខ៤២ នៃយោធភូមិភាគទី៤
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ បានដឹកនាំគណៈប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងមូលដ្ឋានឃុំ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពកម្ពុជា លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង នាយរង អនុសេនាតូចទី៣ កងអនុសេនាតូចកាំភ្លើងធំ កងពលតូចលេខ៤២ នៃយោធភូមិភាគទី៤ ព្រមទាំងបាននាំយកថវិកាដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងថវិកាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថវិការបស់សាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ លោកស្រី រ៉ាត់ សារិក ត្រូវជាភរិយានៃសព នៅគេហដ្ឋានស្ថិតនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនថា លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង អាយុ ៤១ឆ្នាំ ជាវីរកងទ័ពជួរមុខឈរជើងការពារនៅសមរភូមិប្រាសាទតាមាន់ បានពលីជីវិតលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទីកដីកម្ពុជា តទល់នឹងការឈ្លានពានដោយខុសច្បាប់របស់ទាហានសៀម ចូលក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បច្ចុប្បន្នសពរបស់លោក ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យឈាបនកិច្ចតាមប្រពៃណី នៅគេហដ្ឋានស្ថិតនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ មរណភាពរបស់លោក គឺជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូប ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត បម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា រហូតអវសាននៃជីវិត។


ក្នុងឱកាសដ៏សែនវិយោគនោះ លោក ឆាយ ឫទ្ធិសែន និងលោកជំទាវ ព្រមទាំងគណៈប្រតិភូរួមដំណើរ បានសម្តែងនូវសមានទុក្ខជាពន្លឹកជាមួយក្រុមគ្រួសារនៃសព និងបានសម្ដែងនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលីកម្មអាយុជីវិតក្នុងបុព្វហេតុការពារប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ វីរកងទ័ព ស៊ុយ គឹមយាង បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


