អតីតអ្នកនយោបាយរបស់ឥណ្ឌា លោក Vijaysai Reddy រិះគន់យោធាថៃ ចំពោះការបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ នៅតំបន់អានសេះ ថា មិនអាចទទួលយកបាន
បរទេស៖ អតីតអ្នកនយោបាយរបស់ឥណ្ឌា លោក V. Vijaysai Reddy បានបង្ហាញការរិះគន់ថា ការបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូក្រោមលេសនៃជម្លោះព្រំដែន គឺមិនអាចទទួលយកបានទេ។ លោកថា ទោះកម្ពុជាដាក់ឬអត់ក៏ដោយ ការវាយប្រហារជំនឿ និងកេរដំណែល គឺបង្ហាញពីការមិនអត់ឱនឱ្យបាន។
លោក Vijaysai Reddy បានសរសេរនៅលើ X កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ថា ទាំងប្រទេសថៃ និងកម្ពុជា គឺជាប្រជាជាតិពុទ្ធសាសនិក ប៉ុន្តែប្រវត្តិសាស្រ្តបានកត់ត្រាការធ្វើទុក្ខបុកម្នេញម្តងហើយម្តងទៀតលើប្រាសាទហិណ្ឌូ និងការព្យាយាមលុបបំបាត់ពួកគេ។
លោកបន្តថា អំពើហឹង្សាប្រឆាំងនឹងនិមិត្តសញ្ញាពិសិដ្ឋ គឺមិនអាចលុបលាងដោយពាក្យស្លោកបានទេ។ គ្មានសាសនាណាដែលបញ្ជាក់ពី “សន្តិភាព” របស់ខ្លួនដោយបំផ្លាញជំនឿរបស់អ្នកដទៃឡើយ។
សូមបញ្ជាក់ថា យោធាថៃបានបំផ្លាញបដិមាដែលកម្ពុជាបានសានសង់នៅតំបន់អានសេះ ដោយអះអាងថា កម្ពុជាសង់រំលោភលើដែនអធិបតេយ្យរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
