ព័ត៌មានជាតិ

យោធាថៃ បានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចំនួន ៣៣គ្រាប់ ចូលភូមិសាស្ត្រភូមិតាឡី ដើម្បី កម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅក្នុងយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៖

  • ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១០:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចំនួន ៣៣គ្រាប់ ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ជាទីបំផុត បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១នាក់ និងរងរបួសចំនួន ៧នាក់។

សកម្មភាពខាងលើ គឺជាការវាយប្រហារដ៏សាហាវឃោរឃៅ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ដែលជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះយោធាថៃបានយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។

កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕

To Top