បុគ្គលិកសុខាភិបាល នៅជាមួយវីរកងទ័ព ជនភៀសសឹកគ្រប់ពេល គ្រប់កន្លែង
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា វិស័យសុខាភិបាល គឺនៅជាមួយវីរកងទ័ព ជនភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនទុកនរណាម្នាក់ចោល មិនទទួលបានការថែទាំសុខភាពនោះឡើយ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ សាស្រ្តាចារ្យ ឈាង រ៉ា បានកោតសរសើរនូវការខិតខំ ការលះបង់កម្លាំងកាយចិត្ត ក្នុងការពិនិត្យព្យាបាលវីរកងទ័ព នៅគ្រប់កាលៈទេសៈដោយមិនមានការរាថយ ទាំងនៅសមរភូមិមុខនៅតាមព្រំដែន ហើយអ្នកជួរក្រោយបញ្ជូនកម្លាំងជួយសហការគាំទ្រ ដល់ក្រុមគ្រូពេទ្យជួរមុខ។ នេះជាវីរភាពដ៏អង់អាចរបស់ក្រុមគ្រូពេទ្យដែលតែងតែនៅជាមួយវីរកងទ័ព និងប្រជាពលរដ្ឋគ្រប់សភាពការណ៍ ដោយឈរលើគោលការណ៍ “មិនទុកនរណាម្នាក់ ត្រូវបានទុកចោល ដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ”។

ក្នុងឱកាសចុះពិនិត្យ សាស្រ្តាចារ្យ បានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ដល់វីរកងទាំងអស់ឆាប់ជាសះស្បើយ មានសុខភាពប្រសើរឡើង ដើម្បីឆាប់បានវិលត្រឡប់ជួបជុំគ្រួសារ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិ៕










