ព័ត៌មានជាតិ

ព័ត៌មានឥណ្ឌា ផ្សព្វផ្សាយព្រោងព្រាត ចំពោះទង្វើថៃវាយកម្ទេចរូបសំណាកហិណ្ឌូ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងថាក្រោយពីទង្វើឈ្លានពានរបស់យោធាថៃវាយបំផ្លាញរូបសំណាកហិណ្ឌូ ដែលបានកម្ពុជាបានសាងសងកាលពីពេលថ្មីៗនេះ ត្រូវបានសារព័ត៌មានរបស់ឥណ្ឌាជាច្រើនចេញផ្សាយយ៉ាងព្រោងព្រាត ចំពោះទង្វើព្រៃផ្សៃរបស់ភាគីថៃនេះ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នេត្រ ភក្ត្រា បានឲ្យដឹងថា តាំងពីថ្ងៃ២៤ ដល់២៥ធ្នូនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា បានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃ ក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជា សម្រាប់ការគោរពបូជា។

លោកបន្តថា អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌាបានប្រតិកម្មតបយ៉ាងខ្លាំងនិងរិះគន់ប្រទេសថៃដែលបានវាយកម្ទេចរូបសំណាកនេះ ដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា «ជាការមិនផ្តល់នូវការគោរព»។ សារព័ត៌មានខ្លះក៏និយាយថា តើថៃស្រវឹងនឹងសង្គ្រាមឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុជាទាំងកំរោលបែបនេះ?។

លោក នេត្រ ភក្ត្រាអះអាងទៀតថា ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃ ដោយមិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូនោះ ប្រតិកម្មរបស់សាធារណជនកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ។ ដោយពួកគេអះអាងថា “ធ្វើបានបានបាប! បាបមិនចាំជាតិក្រោយទេ” ៕

To Top