បារាំង ថ្កោលទោសអាមេរិក ចំពោះការហាមឃាត់ទិដ្ឋាការ លើអតីតស្នងការសហភាពអឺរ៉ុប
ប៉ារីស៖ បារាំង បានថ្កោលទោសយ៉ាងខ្លាំងចំពោះការរឹតបន្តឹងទិដ្ឋាការដែលដាក់ដោយសហរដ្ឋអាមេរិកលើលោក Thierry Breton អតីតស្នងការអឺរ៉ុប សម្រាប់ទីផ្សារផ្ទៃក្នុង និងឥស្សរជនអឺរ៉ុប ៤រូបផ្សេងទៀត។
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងនៅលើគណនី X របស់លោកថា “វិធានការទាំងនេះ គឺស្មើនឹងការបំភិតបំភ័យ និងការបង្ខិតបង្ខំ ដែលមានគោលបំណងធ្វើឱ្យខូចដល់អធិបតេយ្យភាពឌីជីថលរបស់អឺរ៉ុប”។
មន្ត្រីអាមេរិកនៅថ្ងៃអង្គារបានប្រកាសពីការរឹតបន្តឹងទិដ្ឋាការលើបុគ្គលប្រាំនាក់មកពីសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដោយចោទប្រកាន់ពីការចូលរួមរបស់ពួកគេក្នុងការត្រួតពិនិត្យខ្លឹមសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
អ្នកការទូតអាមេរិក បានសម្តែងការជំទាស់ចំពោះច្បាប់សេវាកម្មឌីជីថល (DSA) របស់សហភាពអឺរ៉ុប ដែលជាបទប្បញ្ញត្តិដ៏សំខាន់មួយដែលត្រូវបានរចនាឡើង ដើម្បីដោះស្រាយការនិយាយស្អប់ខ្ពើម និងព័ត៌មានមិនពិត។ ទីក្រុងវ៉ាស៊ីនតោន អះអាងថាច្បាប់នេះរឹតត្បិតការបញ្ចេញមតិដោយសេរី និងដាក់បន្ទុកអនុលោមភាពបន្ថែមលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
