អ្នកវិភាគសង្គមនិងនយោបាយកម្ពុជា៖ សង្គ្រាមដែលបង្កឡើងដោយប្រទេសថៃ គឺជាសង្គ្រាមឈ្លានពានចូលក្នុងបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសហជីពនៅកម្ពុជា បានលើកឡើងថា ការបាញ់ប្រហាររបស់ទាហានថៃមកលើដែនអធិបតេយ្យភាពកម្ពុជាចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាសង្គ្រាមឈ្លានពានចូលក្នុងបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា ប្រទេសថៃធ្វើសង្គ្រាមដោយឈ្លានពានជាឯកតោភាគីមកលើកម្ពុជាដោយឈ្លានពានចូលជ្រៅរហូតដល់ចំណុចខ្លះ ១០០គីឡូម៉ែត្រ និងបានបំផ្លាញ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន ស្ពានថ្នល់ វត្តអារាម ផ្ទះសម្បែង សម្បត្តិវប្បធម៌ និងទីតាំងសាធារណៈច្រើនរាប់មិនអស់ ថែមទាំងធ្វើឱ្យជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិត និងរងបួសជាច្រើននាក់ដោយសព្វាវុធធុនធ្ងន់ សម្លាប់រង្គាលតាមទង្វើចិត្ត ដែលទាំងអស់នេះសុទ្ធតែជាបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោកថ្លែងថា៖«ថៃប្រកាសសង្គ្រាមជាឯកតោភាគីចាប់តាំងពីថ្ងៃទី៨ ខែធ្នូ មកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាសង្គ្រាមឈ្លានពាន ហើយជាសង្គ្រាមដែលចូលក្នុងបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយមិនអាចគេចវេសបាន»។
រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយខ្មែរ មើលឃើញថា អំពើឈ្លានពានដ៏សាហាវឃោរឃៅរបស់ភាគីថៃមកលើកម្ពុជា ដោយប្រើសព្វាវុធទំនើបៗ ការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់បណ្តាលឱ្យស្លាប់និងរងរបួសជាច្រើននាក់ ការបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋស្លូតត្រង់ ធ្វើឱ្យប្រជាពលរដ្ឋចាកចេញពីលំនៅដ្ឋានទៅរកទីទួលសុវត្ថិភាពប្រមាណជិត១លាននាក់ គឺជាអំពើឧក្រិដ្ឋកម្មសង្គ្រាម ដែលពិភពលោកមិនអាចទទួលយកបាន។
លោកថ្លែងថា៖«ថៃបានប្រើប្រាស់គ្រាប់បែកចង្កោមដែលអន្តរជាតិហាមឃាត់ បានបាញ់ផ្សែងពុល ផ្លោងគ្រាប់បែក ប្រើយន្តហោះទំនើបទម្លាក់គ្រាប់បែក បាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ បាញ់ផ្លោងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជាដើម គឺជាទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា និងជាឧក្រិដ្ឋកម្មសង្គ្រាម ដ៏ឃោរឃៅមួយ ហើយក៏ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ»។
ចំណែកលោកថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានពន្យល់ថា តាមច្បាប់អន្តរជាតិនៃសង្គ្រាម សិទ្ធិការពារខ្លួន មិនផ្តល់អាជ្ញាបណ្ណឱ្យប្រទេសណាមួយវាយប្រហារលើ ជនស៊ីវិល ឬអគារស៊ីវិល ទេ។ ប្រសិនបើមានការវាយប្រហារលើអគារ ពលរដ្ឋ ផ្ទះ សាលារៀន វត្តអារាម មន្ទីរពេទ្យ ហើយគ្មានគោលដៅយោធាច្បាស់លាស់ នោះអាចចាត់ទុកថា ជាការបំពានធ្ងន់ធ្ងរនៃច្បាប់សង្គ្រាម។
លោកថ្លែងថា៖« បើការវាយប្រហារមិនអាចបែងចែករវាងគោលដៅយោធា និងស៊ីវិល ឬប្រើអាវុធដែលបង្កហានិភ័យខ្ពស់ដល់ពលរដ្ឋ ជាពិសេស នៅជិត ជំរំជនភៀសខ្លួន នោះអាចត្រូវបានចាត់ទុកជា បទឧក្រិដ្ឋកម្មសង្គ្រាម»។
ចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ប្រជាពលរដ្ឋកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងផុលផុសដោយបញ្ជាក់ពីការឈ្លានពានរបស់ថៃថា ពិតជាបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ប្រាកដមែន៕
