អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយពីសម្តេចប្រធានរដ្ឋសភា ដើម្បីឧបត្ថម្ភគាំទ្រដល់វរកងកម្លាំងជួរមុខ និងជនភៀសសឹក
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលស្បៀងនិងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈកម្មការទី៩ នៃរដ្ឋសភា និងមូលនិធិសប្បុរសធម៌ ប៊ែ.លធី ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ធ្វើការបែងចែកជូនដល់ វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន៩០០គ្រួសារ ។

ពិធីប្រគល់ទទួលនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមាន លោក លោកស្រី ជាប្រធាន និងសមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា លោកអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងតំណាងមូលនិធិសប្បុរសធម៌ ប៊ែលធី តំណាងកងទ័ពជួរមុខ តំណាងប្រជាពលរដ្ឋជនភៀសសឹក ព្រមទាំងគណៈគ្រប់គ្រងនិងសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ។ អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់រួមមាន៖ ថវិកា ៦០.០០០.០០០រៀល, អង្ករ៥តោន, អំបុក៥០០ដប, ត្រីខ ៥០០យូរ, មីជាតិ៥០០កេស , ទឹកបរិសុទ្ធ៥០០កេស និងឆៃប៉ូវ ៥០០គីឡូ ។

ក្នុងឱកាសនោះ លោកជស្រី និន សាផុន តំណាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសូមគោរពអរគុណ និងដឹងគុណ ចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំង ជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា បង្កឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជាច្រើន ។ លោកស្រី ក៏សូមឱ្យបងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋ បន្តជឿទុកចិត្ត លើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ។

ជាមួយគ្នានោះ ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈកម្មការទី៩ នៃរដ្ឋសភា និងមូលនិធិសប្បុរសធម៌ ប៊ែលធី ដែលបានជួយឧបត្តម្ភស្បៀងនិងថវិកា ដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ផ្តល់ជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ។

លោកអភិបាលខេត្ត សូមប្រសិទ្ធពរជ័យ និងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជូនដល់លោក លោកស្រី និងតំណាងសាលាប៊ែលធី អន្តរជាតិ ដែលមានបានចំណាយធនធាននិងពេលវេលាផ្ទាល់ខ្លួននាំយកស្បៀងនិងថវិកាជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកក្នុងខេត្តពោធិ៍សាត់ ទឹកចិត្តនៃការ ចូលរួមដ៏ល្អថ្លៃថ្លានេះ ជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ក្នុងការការពារជាតិមាតុភូមិកម្ពុជា។

បន្ទាប់ពីធ្វើពិធីប្រគល់ទទួលរួចមក លោក លោកស្រី សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលអុជធូកបួងសួង នៅអាសនៈព្រះអង្គចៅសែន លើបុរីវប្បធម៌កោះសំពៅមាស និងនៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំងមឿង និងលោកស្រី ខាន់ ខៀវ ដើម្បីសុំសេចក្តីសុខជូនដល់វិរកងទ័ពជួរមុខ កំពុងប្រយុទ្ធការពារទឹកដីពីសត្រូវឈ្លានពាន និងសូមឲ្យឆាប់ទទួលបានសន្តិភាពដើម្បីប្រជាពលរដ្ឋជនភៀសសឹក បានត្រឡប់ទៅផ្ទះសម្បែងឡើងវិញ ៕


ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
