ព័ត៌មានជាតិ

ក្រុមតារាចម្រៀងបុរស K-Pop បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោក ពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់​ របស់ប្រជាជនកម្ពុជា

ភ្នំពេញ៖ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បី N-CHIVE បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក្នុងដំណើរតន្រ្តីទេសចរណ៍ ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពរបស់ខ្លួននៅកម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Na Yunjung តំណាងក្រុមហ៊ុន K’VE Entertainment ដែលបានដឹកនាំក្រុមតារាចម្រៀងបុរស K-POP ដែលកំពុងតែល្បីនៅសាធារណរដ្ឋកូរ៉េ
ក្រុម N​-CHIVE និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពការងារ និងស្នើសុំអនុសាសន៍ដឹកនាំ លើការរៀបចំកម្មវិធីតន្រី្តទេសចរណ៍ ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពពីប្រជាជនកូរ៉េ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនៃជំនួបប្រកបដោយស្មារតីភារតភាព និងសាមគ្គីភាព លោកស្រីតំណាងក្រុមហ៊ុន បានរាយការណ៍ជូន លោករដ្ឋមន្រ្តីពីសកម្មភាពចូលរួមចំណែក ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា ទៅដល់ប្រជាជនកូរ៉េ និងពិភពលោកទាំងមូល ព្រមទាំងការចូលរូមជំរុញវិស័យទេសចរណ៍ របស់កម្ពុជាតាមរយៈសិល្បៈតន្រ្តី។

ទន្ទឹមនឹងនេះដែរ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែទទូលបាននូវសន្ទះគាំទ្រ ពីប្រជាជនកូរ៉េកាន់តែច្រើនឡើងនេះ ក៏បានរៀបរាប់ពីមូលហេតុរបស់ខ្លួន ដែលជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារតែមានទំនុកចិត្តដ៏មុតមាំ លើការផ្តល់នូវសុខសុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើរដល់ភ្ញៀវទេសចរអន្តរជាតិ ដោយរាជរដ្ឋាភិបាលកម្ពជា ព្រមទាំងបទពិសោធ នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺសក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា ភាពរស់រវើក និងទាក់ទាញ នៃគោលដៅទេសចរណ៍កម្ពុជានីមួយៗ ដែលសមាជិកក្រុមបានទទួលនូវបទពិសោធដ៏ល្អ និងមិនអាចបំភ្លេច ក្នុងដំណើរសម្តែងរបស់ខ្លួននាឆ្នាំកន្លងមក។​

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុន ដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការស្វែងយល់ច្បាស់ និងទំនុកចិត្តរបស់ក្រុមហ៊ុនពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាព ជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះតារាចម្រៀងកូរ៉េទាំង៦រូប ដែលបានជឿទុកចិត្តលើការដឹកនាំ និងការធានាសុខសុវត្ថិភាព ដល់ភ្ញៀវទេសចរអន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរមកបំពេញការងារតន្រ្តីទេសចរណ៍ នៅប្រទេសកម្ពុជានាពេលនេះ ដោយស្នើសុំជួយផ្សព្វផ្សាយពីសភាពការណ៍សន្តិសុខ សុខសុវត្ថិភាព សកម្មភាពសង្គមជាប្រក្រតី សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនកម្ពុជា ដល់ប្រជាជនកូរ៉េ និងពិភពលោកផងដែរ៕ ដោយ៖​ ដារាត់| ដើមអម្ពិល


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top