ព័ត៌មានជាតិ

មីយ៉ាន់ម៉ា ត្រៀមរៀបចំការបោះឆ្នោត ជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសមីយ៉ាន់ម៉ា នឹងរៀបចំដំណាក់កាលដំបូង នៃការបោះឆ្នោតសកលនៅថ្ងៃទី២៨ខែធ្នូ នេះដែលជាការបោះឆ្នោតលើកដំបូង របស់ប្រទេសក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារយោធា នៅឆ្នាំ ២០២១។

រដ្ឋាភិបាលលោកខាងលិច និងអង្គការសហប្រជាជាតិបានចោទសួរអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតបីដំណាក់កាលរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

អតីត​មេដឹកនាំ​មី​យ៉ាន់​ម៉ា អាយុ​៨០​ឆ្នាំ គឺ​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​គណបក្ស​របស់​លោកស្រី មិន​ចូលរួម​ក្នុង​ការបោះឆ្នោត​នោះទេ​។គណបក្សសម្ព័ន្ធជាតិ របស់លោកស្រី ស៊ូជី ត្រូវបានរំលាយ បន្ទាប់ពីបដិសេធមិនចុះឈ្មោះជាផ្លូវការក្រោមច្បាប់យោធាថ្មី។

រដ្ឋាភិបាលយោធាបានចាត់ទុកការបោះឆ្នោតនេះថា ជាការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យពហុបក្ស បន្ទាប់ពីខ្លួនបានដណ្តើមអំណាចដោយ ទម្លាក់រដ្ឋាភិបាលលោកស្រី ស៊ូជី ក្នុងឆ្នាំ២០២១។
គួរឲ្យដឹងដែរថាបច្ចុប្បន្នលោកស្រីស៊ូជី កំពុងជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំលើការចោទប្រកាន់ដែលក្រុមប្រឆាំងពិពណ៌នាថាមានហេតុផលនយោបាយ៕

ប្រែសម្រួល៖ស៊ុនលី

To Top