ព័ត៌មានជាតិ

សិស្សប៊ែលធី ភាសាអង់គ្លេសទូទៅ កម្រិត ១២ (Level 12) ជំនាន់ទី៧៥  ដល់ ៧៧ ចំនួន ៤៤៨នាក់ ទទួលសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESLDIPLOMA)

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ភាសាអង់គ្លេស ប៊ែលធី ជូនដល់សិស្ស ថ្នាក់ភាសាអង់គ្លេស ទូទៅកម្រិត១២ (Level 12) ជំនាន់ទី៧៥ ដល់ ៧៧ ដែលបានប្រឡង ជាប់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ៤៤៨នាក់ ក្រោម អធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សជ័យលាភី និងមាតាបិតា អ្នកអាណាព្យាបាល សរុបចំនួន ១,០៩៣នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២  (ស្ពានអាកាសចោមចៅ)។

លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេស ទូទៅបានឱ្យដឹងថា៖  បច្ចុប្បន្ននេះ សាលា ប៊ែលធី  អន្តរជាតិ មាន ៣៣សាខា  (៣២សាខាកំពុងដំណើរការ និង១សាខាកំពុងសាងសង់ គឺប៊ែលធីទី៣៣-សាខាកែវផ្លូវភ្លោះគីឡូលេខ៦ឫស្សីកែវ) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី១,០០៨នាក់) និង មានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ព្រមទាំងមាន កម្មវិធីសិក្សាធំៗចំនួន៥ និងបានបញ្ជូលកម្មវិធីសិក្សា បន្ថែមចំនួន១២លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ ភាសាអង់គ្លេសទូទៅ និងភាសាចិនទូទៅ ។

គិតត្រឹមឆ្នាំ២០២៥ នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត ១២ (Level 12) ដែលបានប្រឡងបញ្ចប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី ចំនួន ១៥,៦៨៤នាក់។ ក្នុងនោះសិស្សដែលប្រឡងបានពិន្ទុអាយអែល (IELTS)  5.0 ឡើងទៅ ចំនួន ១២,៥៤៧នាក់ ស្មើនឹង ៨០% ដែលនឹងទទួលបានសញ្ញាបត្រ ចំនួនពីរគឺ៖ ១-ចេញដោយសាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រុមប្រឹក្សាភាសាអង់គ្លេស នៃចក្រភពអង់គ្លេស  (BRITISH COUNCIL) ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធីដើម្បីទុកជា កាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ ជាផ្លូវការផងដែរ ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំយកចិត្តទុក ដាក់ប្រឹងប្រែងសិក្សារៀនសូត្រ  ស្តាប់គ្រូពន្យល់ និង គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្ក ផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួល បានជោគជ័យក្នុងការ ប្រឡងបញ្ចប់វគ្គ និងទទួលបានសញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធីនាពេលនេះ ។ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះមាតាបិតា និងអាណាព្យាបាល ទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរពវិន័យសាលា ព្រមទាំង សហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ ។

លោកបណ្ឌិត ក៏បាន ផ្តាំផ្ញើដល់សិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាព ផ្ទាល់ខ្លួន ឱ្យក្លាយជាមូលធនមនុស្សដ៏សំខាន់ របស់សង្គមជាតិ ដែលអាច ចាប់យកអាជីពសម្រាប់ខ្លួនឯងទៅថ្ងៃអនាគត និងមានសមត្ថភាពប្រកួតប្រជែង ដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងក្នុងតំបន់អាស៊ាន និង ពិភពលោក ហើយ ដើរឱ្យទាន់នូវការរីកចម្រើន ផ្នែកបច្ចេកវិទ្យាសម័យ បដិវត្តឧស្សាហកម្ម៤.០។ ជាពិសេស ត្រូវមានសាមគ្គីភាពជាតិ ឯកភាព ជាតិ ជាធ្លុងមួយយ៉ាងរឹងមាំ ហើយត្រូវបន្តជឿជាក់លើការ ដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ។

ជាទីបញ្ចប់ លោកបណ្ឌិត ប្រធានគណៈអធិបតី និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រ ដល់សិស្សជ័យលាភីទាំង ៤៤៨នាក់នាពេលនោះផងដែរ ៕

To Top