ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ៖ កុំបង្កើត ឬផ្សាយព័ត៌មានក្លែងក្លាយ និងកុំចែករំលែកព័ត៌មាន គ្មានប្រភពច្បាស់លាស់ អាចបង្កអន្តរាយដល់សន្តិភាព

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានឲ្យដឹងថា កុំបង្កើត ឬផ្សាយព័ត៌មានក្លែងក្លាយ និងកុំចែករំលែកព័ត៌មាន គ្មានប្រភពច្បាស់លាស់ អាចបង្កអន្តរាយ ដល់សន្តិភាព ។

ការឲ្យរបស់ ក្រសួងព័ត៌មាន បន្ទាប់ពីក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ បានចុះហត្ថលេខាដោយ កម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងវិធានការកាត់បន្ថយភាពតានតឹង ត្រង់ចំណុចទី៨ «ភាគីទាំងពីរបាន ឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាស អំណោយផលសម្រាប់កិច្ចសន្ទនា ដោយសន្តិវិធី»។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ធ្នូ បានបញ្ជាក់ថា ដើម្បីចូលរួមក្នុងការអនុវត្តវិធានការខាងលើនេះឱ្យមានប្រសិទ្ធភាព ក្រសួងព័ត៌មាន ធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ថា «សូមបន្តតាមដាន និងទទួលព័ត៌មាន ពីប្រភពព័ត៌មានផ្លូវការ, ចែកចាយព័ត៌មាន ដែលមាន ប្រភពច្បាស់លាស់ ព្រមទាំងជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយ ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុង ការផលិត និងផ្សាយព័ត៌មាន»។

ក្រសួង បន្ដថា «សូមកុំបង្កើត ឬផ្សាយព័ត៌មានក្លែងក្លាយ និងសូមកុំចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលអាចបង្កអន្តរាយដល់សន្តិភាព និងប៉ះពាល់ដល់ដំណើរការអនុវត្តសេចក្តីប្រកាសរួមនេះ។ សូមប្រើប្រាស់បណ្តាញសង្គមដោយក្រមសីលធម៌ និងទំនួលខុសត្រូវ ជៀសវាងការបង្ហោះ ឬផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ ការជេរប្រមាថ ឌឺដង ប៉ះពាល់ដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូរ ឬបង្កការយល់ច្រឡំក្នុងសាធារណមតិ»។

ក្រសួង បន្ថែមថា សូមចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិត ដោយផ្ទៀងផ្ទាត់ ប្រភពឱ្យបានត្រឹមត្រូវ។ ចៀសវាងការបង្កើតមាតិកា ដែលគ្មានមូលដ្ឋានពិតប្រាកដ ឬការអះអាងគ្មានភស្តុតាង ឬការប្រើពាក្យ ពេចន៍ ដែលអាចបង្កអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ឬនាំឱ្យមានផលវិបាកនានា។ ក្រសួងថា អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់នូវការកាត់តរូបភាពវីដេអូ ឬ បង្កើតរូបភាពបញ្ញាសិប្បនិម្មិត(AI) ដែលមានលក្ខណៈជេរប្រមាថ ការប្រើប្រាស់ភាសា មិនសមរម្យ ឬ ការដៀមដាម ឬសកម្មភាពផ្សេងទៀត ដែលបង្កអរិភាព ឬការបញ្ឆេះកំហឹងនាំឱ្យមានការរើសអើងប្រកាន់ ពូជសាសន៍ជាដើម។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏ក្រើនរំឭកដល់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ រួមទាំងសាធារណជនទាំងអស់ ចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយមិនត្រូវ បង្កើត ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានក្លែងក្លាយ ការប្រឌិតឬកាឡៃព័ត៌មានខុសពីការពិត៕

To Top