ព័ត៌មានអន្តរជាតិ

លោក​ ហ្សេឡនស្គី​ បង្ហាញឆន្ទៈក្នុងការនាំយកផែនការសន្តិភាព​ សម្រាប់ការបោះឆ្នោតប្រជាមតិ ប្រសិនបើរុស្ស៊ីយល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ថ្ងៃ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងថា លោកមានឆន្ទៈក្នុងការនាំយកផែនការសន្តិភាពដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន​ សម្រាប់ការបោះឆ្នោតប្រជាមតិ ប្រសិនបើរុស្ស៊ីយល់ព្រមលើបទឈប់បាញ់យ៉ាងហោចណាស់ ៦០ថ្ងៃ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Axios កាលពីថ្ងៃសុក្រ លោក ហ្សេឡនស្គី បានឧ្យដឹងថា លោកនៅតែចង់ចរចាជំហរកាន់តែប្រសើរលើទឹកដី ប៉ុន្តែប្រសិនបើផែនការនេះទាមទារការសម្រេចចិត្ត “ដ៏លំបាកមួយ” លើបញ្ហានោះ លោកជឿថាផ្លូវដ៏ល្អបំផុតឆ្ពោះទៅមុខ​ គឺត្រូវដាក់ផែនការ ២០ចំណុចទាំងមូលទៅក្នុងការបោះឆ្នោតប្រជាមតិ។

លោកបានលេីកឡេីងថា បទឈប់បាញ់រយៈពេល ៦០ថ្ងៃដើម្បីរៀបចំ និងធ្វើការបោះឆ្នោត “គឺជាអប្បបរមា” ព្រោះការបោះឆ្នោតប្រជាមតិបែបនេះនឹងមានផលវិបាកនយោបាយ ភស្តុភារ និងសន្តិសុខធំៗ។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ Axios ថា រុស្ស៊ីយល់ពីតម្រូវការសម្រាប់បទឈប់បាញ់ ប្រសិនបើលោក ហ្សេឡិនស្គី អំពាវនាវឱ្យមានការធ្វើប្រជាមតិ ប៉ុន្តែចង់បានពេលវេលាកំណត់ខ្លីជាងនេះ។

លោក ហ្សេឡិនស្គី​ បានបញ្ជាក់ថា លោកសង្ឃឹមថានឹងយល់ស្របជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ លើក្របខ័ណ្ឌសម្រាប់បញ្ចប់វិបត្តិ នៅពេលដែលពួកគេជួបគ្នានៅរដ្ឋ Florida សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top