ព័ត៌មានជាតិ

លោកស្រី ម៉ាលី សុជាតា ៖ ស្ថានភាពព្រំដែនស្ងប់ស្ងាត់ តែកម្លាំងកម្ពុជាតាមដានជាប់ជានិច្ច

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានភាពព្រំដែននៅជួរមុខមានលក្ខណៈស្ងប់ស្ងាត់ មិនមានអ្វីកើតឡើងនោះទេ ប៉ុន្តែកងកម្លាំងកម្ពុជានៅតែបន្តតាមដានជាប់ជានិច្ច ។

ក្នុងសេចក្តីថ្លែងការណ៍ «បច្ចុប្បន្នភាព ស្តីពី ការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥លោកស្រី ម៉ាលី សុជាតា បានថ្លែងថា ក្រោយមានការចុះហត្ថលេខាលើបទឈប់បាញ់ជាបន្ទាន់មួយរវាងកម្ពុជា-ថៃ ឃើញថា នៅតាមបន្ទាត់ព្រំដែនមានសភាពការណ៍ស្ងប់ស្ងាត់ មិនមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងទេ ។ លោកស្រីបន្តថា ទោះបីជាស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនមិនមានអ្វីកើតឡើងក៏ដោយ ប៉ុន្តែកងទ័ពកម្ពុជានៅតែបន្តតាមដានរហូត ។

អ្នកនាំពាក្យបញ្ជាក់ថា “មកដល់ព្រឹកថ្ងៃទី២៨ ធ្នូនេះ សភាពការណ៍នៅតាមព្រំដែនជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងនៅតែបន្តតាមដានយកចិត្តទុកដាក់ជាប់ជានិច្ច និងកំពុងបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី កម្ពុជាយ៉ាងខ្ជាប់ខ្ជួនបំផុត” ។

លោកស្រីម៉ាលី សុជាតា ក៏បានរំលឹកអំពីសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ធ្នូ ថា ការចុះហត្ថលេខាលើបទឈប់បាញ់នេះ គឺជាការបន្តអនុវត្តនូវអ្វីបានឯកភាពគ្នាកន្លងមក រួមមាន ៖ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងមក , សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗទៀត ៕

To Top