ចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះចលនាដ៏គ្រោះថ្នាក់របស់ប្រទេសជប៉ុន នៅក្នុងវិស័យអ៊ីនធឺណិត
ប៉េកាំង៖ ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះចលនាដ៏គ្រោះថ្នាក់របស់ប្រទេសជប៉ុននៅក្នុងវិស័យអ៊ីនធឺណិត ហើយជំរុញយ៉ាងខ្លាំងឱ្យប្រទេសជប៉ុន គោរពតាមរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួន និងគោរពច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានស្រាប់ជាមួយនឹងសកម្មភាពជាក់ស្តែង នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។
អ្នកនាំពាក្យលោក Lin Jian បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរការវាយលុកតាមអ៊ីនធឺណិតរបស់ប្រទេសជប៉ុនថា “ប្រសិនបើសកម្មភាពមិនត្រឹមត្រូវណាមួយរបស់ប្រទេសជប៉ុន ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន វាប្រាកដជានឹងទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិន”។
យោងតាមរបាយការណ៍ គណៈរដ្ឋមន្ត្រីជប៉ុនទើបតែបានអនុម័តយុទ្ធសាស្ត្រសន្តិសុខតាមអ៊ីនធឺណិតថ្មីមួយ ដោយអនុញ្ញាតឱ្យប៉ូលីស និងកងកម្លាំងការពារខ្លួនរបស់ប្រទេសចាត់វិធានការតបតវិញយ៉ាងសកម្មនៅពេលដែលទទួលរងការវាយប្រហារតាមអ៊ីនធឺណិត។
នៅក្នុងខែឧសភា ឆ្នាំនេះ ប្រទេសជប៉ុន ក៏បានអនុម័តច្បាប់ការពារតាមអ៊ីនធឺណិតសកម្មរបស់ខ្លួន ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលជប៉ុនជ្រៀតចូលជាមុន ឬបិទឧបករណ៍បណ្តាញរបស់អ្នកវាយប្រហារដែលត្រូវបានចោទប្រកាន់។
លោកបានលេីកឡេីងថា គណៈរដ្ឋមន្ត្រីជប៉ុនបានអនុញ្ញាតយ៉ាងច្បាស់លាស់នូវ «វិធានការតបតតាមអ៊ីនធឺណិតជាមុន» ដែលជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយរបស់ប្រទេសជប៉ុន ពីការការពារតាមអ៊ីនធឺណិត ទៅជាការវាយលុកតាមអ៊ីនធឺណិត ហើយវាជាឧទាហរណ៍មួយទៀតនៃប្រទេសជប៉ុន ដែលជាប្រទេសចាញ់សង្គ្រាមលោកលើកទីពីរ ដែលកំពុងស្វែងរកការទម្លុះសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម៕
ប្រែសម្រួល ឈូក បូរ៉ា
