ព័ត៌មានជាតិ

មហាអំណាចក្នុងពិភពលោក ស្វាគមន៍បទឈប់បាញ់កម្ពុជា-ថៃ

ភ្នំពេញ ៖ ភ្លាមៗក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាន កាលពីម៉ោង១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសមហាអំណាចក្នុងពិភពលោកយ៉ាងច្រើនដែលបានជួយជ្រោមជ្រែងឱ្យមានការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ បាននាំគ្នាចេញសារស្វាគមន៍ និងអបអរសាទរជាខ្លាំង ។

បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ប្រមុខការពារជាតិកម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមលើការអនុវត្តបទឈប់បាញ់ភ្លាមៗ នាថ្ងៃទី២៧ ខែធ្នូ ។ ចាប់ពីថ្ងៃ២៧ដល់២៨ ធ្នូនេះ មានរយៈពេល២ថ្ងៃហើយដែលមានប្រទេសច្រើនរួមមាន ៖ សហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន ម៉ាឡេស៊ី ជប៉ុន អង់គ្លេស អាឡឺម៉ង់ អង្គការសហប្រជាជាតិ(UN) និងសហភាពអឺរ៉ុប (EU) បានថ្លែងសារជាបន្តបន្ទាប់ស្វាគមន៍យ៉ាងក្លាវក្លាជាទីបំផុត។

ដំបូងគេមហាអំណាចអាមេរិកដែលជាប្រទេសមុនគេស្ម័គ្រចិត្តជួយស្វែងរកសន្តិភាពកម្ពុជា-ថៃ នោះ តាមរយៈ លោកMarco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសព័ត៌មានរួមរវាងកម្ពុជា-ថៃ ស្តីពីបទឈប់បាញ់ ដែល នេះបានបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ ។ សេចក្តីថ្លែងការណ៍ក៏អំពាវនាវឱ្យកម្ពុជា-ថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ ។

ប្រទេសចិនក៏មិនខុសពីអាមេរិកផងដែរក្នុងនាមប្រទេសចេញមកសម្របសម្រួលរវាងកម្ពុជា-ថៃ បានស្វាគមន៍បទឈប់បាញ់នេះ ។ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យីបានថ្លែងថា នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងអាចអនុវត្តបាន ដើម្បីដោះស្រាយជម្លោះស្មុគស្មាញ។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងថា ចិន អាស៊ាន និងសហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចគោលដៅនេះ។ ក្នុងនោះចិន ត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា-ថៃ ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែពេញលេញ និងលម្អិតជាងមុន។

សម្រាប់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលជាប្រធានអាស៊ាននឹងត្រូវផុតកំណត់នៅចុងខែធ្នូនេះ បានស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃ ។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តដោយស្មោះត្រង់។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រធានអាស៊ានដែលដើរតួនាទីជួយសម្របសម្រួលបន្ទាប់មានពីជម្លោះនោះ សង្កត់ធ្ងន់ថា ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាកម្លាំងនៅនឹងកន្លែងឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់រួមដែលតម្រូវឱ្យមានការអត់ធ្មត់សម្រាប់ប្រយោជន៍ជនស៊ីវិល ។ ទោះបីជាម៉ាឡេស៊ីផុតអាណត្តិធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានក៏ដោយ ប៉ុន្តែលោក អាន់វ៉ា នឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា អាស៊ានជាតំបន់សន្តិភាពត្រូវបានរក្សា ។

ចំពោះចក្រភពអង់គ្លេសវិញ លោកស្រី Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចេញសារស្វាគមន៍ បទឈប់បាញ់ជាថ្មីរវាងកម្ពុជា -ថៃ។ លោកស្រីបន្តថា ពិតជាមានសារសំខាន់ដែលនឹងត្រូវអនុវត្តប្រកបដោយនិរន្តភាពដែលគាំទ្រដោយអាស៊ាន ដើម្បីដាក់លក្ខខណ្ឌសម្រាប់សន្តិភាព រយៈពេលវែង។ ងាកមកប្រទេសជប៉ុនវិញ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសខ្លួន បានបង្ហាញក្តីសង្ឃឹម ថា កិច្ចព្រមព្រៀងបទឈបបាញ់ នឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា ។ រដ្ឋាភិបាលជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែងផ្សេងៗ រួមទាំងសកម្មភាពការទូត ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង រួមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរ ដោយសហការជាមួយប្រទេសពាក់ព័ន្ធ រួមមាន ៖ អាមេរិក និងបណ្តាប្រទេសអាស៊ាន។

សម្រាប់ លោក Johann Wadephul រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់ បានលើកឡើងដែរថា បទឈប់បាញ់នេះ បានផ្តល់ក្តីសង្ឃឹមដល់ប្រជាជាតិទាំងពីរ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍កន្លងមក ។ នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាពយូរអង្វែង ជាពិសេសសម្រាប់ជនភៀសខ្លួនក្នុងស្រុក។
ដោយឡែក អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងថា កិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ ជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការបន្ធូរបន្ថយទុក្ខវេទនារបស់ជនស៊ីវិល ដើម្បីបញ្ចប់អរិភាពបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបានសន្តិភាពយូរអង្វែង។

ចំពោះលោក Anouar El Anouni អ្នកនាំពាក្យផ្នែកគោលនយោបាយការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប អំពាវនាវឱ្យភាគីទាំងសងខាងអនុវត្តកិច្ចព្រមព្រៀងនេះដោយសុឆន្ទៈ។ សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រតាមតម្រូវការចាំបាច់នានា៕

To Top