លោក ឃួន ផុនរតនៈ បរិច្ចាគជាង១០០លានរៀល និងសារ៉ុងជាង២ពាន់ ជូនមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកស្រី ម៉ៅ នរនាថ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន ១០០,១៦៨,០០០ រៀល និងសារ៉ុងចំនួន ២,១៦៨ ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីគាំទ្រដល់បេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ព្រមទាំងសហការី ក្នុងស្មារតីសប្បុរសធម៌ និងការចែករំលែកយ៉ាងជ្រាលជ្រៅ។

បន្ទាប់ពីពិធីប្រគល់ និងទទួល លោក ឃួន ផុនរតនៈ និងលោកស្រី រួមជាមួយលោក ម៉ៅ ធនិន និងលោកស្រី បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់តាមគ្រែសម្រាកព្យាបាល ដើម្បីសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារ និងកុមារៗ។ ក្នុងឱកាសនោះលោក និងលោកស្រីក៏បានចែកជូនសារ៉ុង និងថវិកា ដល់អាណាព្យាបាលកុមារដែលកំពុងសម្រាកព្យាបាល។

លោក ឃួន ផុនរតនៈ បានមានប្រសាសន៍ថា ការចូលរួមនាពេលនេះ គឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព ដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាបង្អែកដ៏សំខាន់ក្នុងការផ្ដល់ក្តីសង្ឃឹម និងសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។ លោកសង្ឃឹមថា អំណោយទាំងនេះនឹងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាទំពាំងស្នងឫស្សីដ៏មានតម្លៃរបស់ជាតិ។

សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខភាពសាធារណៈ ជាពិសេសការរួមចំណែករក្សានិរន្តរភាពនៃការព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារកម្ពុជាគ្រប់រូប៕




