ក្រសួងការបរទេសចិនបានបង្ហាញថា ប្រទេសចិនស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួម ស្តីពីបទឈប់បាញ់របស់កម្ពុជា និងថៃ
អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ដោយកម្ពុជា និងថៃ។ អ្នកយកព័ត៌មានបានលើកសំណួរថា៖ នាថ្ងៃទី២៧ ខែធ្នូ ប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នៅក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)។ តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
អ្នកនាំពាក្យរូបនេះបានឆ្លើយថា៖ ប្រទេសចិនស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ដោយកម្ពុជា និងថៃ។ ប្រការនេះបានបង្ហាញថា កិច្ចសន្ទនា និងការពិគ្រោះយោបល់គ្នាគឺជាមធ្យោបាយជាក់ស្តែង និងមានប្រសិទ្ធភាពដើម្បីដោះស្រាយជម្លោះស្មុគស្មាញ ក្នុងនោះដែរប្រទេសចិន អាស៊ាន និងសហគមន៍អន្តរជាតិក៏បានធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងដំណោះស្រាយនេះផងដែរ។
ប្រទេសចិនមានឆន្ទៈបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា និងថៃ ឱ្យការធ្វើទំនាក់ទំនងកាន់តែពេញលេញ និងជាក់លាក់ជាងមុន។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន នឹងជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ស៊ីហាសាក់ រដ្ឋមន្ត្រីការបរទេសថៃ នៅខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ។
តំណាងយោធានៃប្រទេសទាំងបីក៏នឹងចូលរួមផងដែរ។ ប្រទេសចិននឹងដើរតួនាទីសំខាន់ក្នុងន័យស្ថាបនាតាមរបៀបរបស់ខ្លួនក្នុងការពង្រឹងស្ថានភាពបទឈប់បាញ់ ការស្តារទំនាក់ទំនង ការកសាងទំនុកចិត្តនយោបាយឡើងវិញ សម្រេចបាននូវការផ្លាស់ប្តូរថ្មីក្នុងទំនាក់ទំនងទ្វេភាគី និងការក្សាសន្តិភាពក្នុងតំបន់ ៕
