ព័ត៌មានអន្តរជាតិ

បទវិភាគ៖ មិនអនុញ្ញាតពួកស្តាំនិយមរបស់ជប៉ុន បង្វិលកង់ប្រវត្តិសាស្ត្រឱ្យថយក្រោយជាដាច់ខាត

“ពាក្យសម្តីស្តីពីជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរបានល្មើសនឹងគោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” “ចាំបាច់ត្រូវទប់ស្កាត់មហិច្ឆតារបស់ជប៉ុនដែលចង់មានអាវុធនុយក្លេអ៊ែរ ” “រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវគិតពិចារណាពីកំហុសរបស់ខ្លួន” ។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិននឹងពាក្យសម្តីដ៏ខុសឆ្គងរបស់មន្ត្រីជាន់ខ្ពស់នៃខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលបានអះអាងយ៉ាងកម្រោលថា “ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ” មតិអន្តរជាតិបានរិះគន់ជាទូទៅ ។ ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនធ្លាប់ផ្សាយដំណឹងឱ្យដឹងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” លោក Koizumi Shinjiroរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានអះអាងថា មិនច្រានចោលជម្រើសណាទាំងអស់ខណៈពេលជំរុញកិច្ចពិគ្រោះពិភាក្សាអំពី “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” ទង្វើប្រកបដោយគ្រោះថ្នាក់របស់រដ្ឋាភិបាលជប៉ុនជាបន្តបន្ទាប់ក្នុងបញ្ហាគួរតែមានអាវុធនុយក្លេអ៊ែរ មិនត្រឹមតែបានបង្ករឿងហេតុចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរនិង ប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះការអភិវឌ្ឍដោយសន្តិភាពរបស់សកលលោកទៀតផង ។

កាលពីឆ្នាំ១៩៦៧ ខណៈពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភា លោក Sato Eisaku នាយករដ្ឋមន្ត្រីជប៉ុនសម័យនោះបានលើកឡើងពី “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” ពោលគឺ មិនមាន មិនផលិតនិងមិននាំចូលអាវុធនុយក្លេអ៊ែរ ។ នៅឆ្នាំ១៩៧១ “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ”ត្រូវដាក់បញ្ចូលជាផ្លូវការក្នុងសេចក្តីសម្រេចចិត្តនៃសភាតំណាងរាស្ត្ររបស់ជប៉ុន ដែលបានក្លាយជាខ្សែបន្ទាត់ខាងទំនុកចិត្តសម្រាប់បង្ហាញពីគោលជំហរសន្តិភាពរបស់ខ្លួនទៅកាន់បរទេស ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈដ្ឋាននយោបាយរបស់ជប៉ុនមាននិន្នាការឆ្ពោះទៅរកនយោបាយស្តាំនិយមកាន់តែខ្លាំងឡើងៗ ។ បន្ទាប់ពីឡើងកាន់មុខតំណែង រដ្ឋាភិបាលរបស់លោកស្រី Sanae Takaichi បានធ្វើវិធានការមួយចំនួនលើវិស័យពង្រីកសព្វាវុធ ដែលបានលាតត្រដាងនូវមហិច្ឆតាដែលចង់ឱ្យយោធានិយមងើបឡើងវិញ ហើយបានប្រែពាក្យសម្តី “គ្មាននុយក្លេអ៊ែរ”របស់ជប៉ុនទៅជាសែកស្អុយ ។

បើមើលពីផ្លូវច្បាស់អាចឃើញថា ការប៉ុនប៉ងរបស់ជប៉ុនដែលចង់មានអាវុធនុយក្លេអ៊ែរ បានល្មើសនឹងកាតព្វកិច្ចរបស់ច្បាប់អន្តរជាតិដែលបានកំណត់ក្នុងឯកសារ ដូចជា《សេចក្តីប្រកាសក្រុង Potsdam 》ជាដើម និងការរិតត្បិតនៃច្បាប់ក្នុងស្រុក ដូចជា “ធម្មនុញ្ញសន្តិភាព” ។ ក្នុងនាមជាប្រទេសគ្មានអាវុធនុយក្លេអ៊ែរដែលបានចុះហត្ថលេខាលើ «សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» ជប៉ុនចាំបាច់ត្រូវគោរពទាំងស្រុងនូវការកំណត់ស្តីពីការមិនទទួល មិនផលិត មិនកាន់កាប់និងមិនរីកសាយភាពអាវុធនុយក្លេអ៊ែរ ។

បើមើលពីសីលធម៌អាចឃើញថា ក្នុងនាមជាប្រទេសឈ្លានពានក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនបានជាប់ទោសដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រ ដែលគ្មានលក្ខណសម្បតិ្តខាងសីលធម៌សម្រាប់កាន់កាប់អាវុធនុយក្លេអ៊ែរ ។

ប្រការដែលគួរឱ្យប្រុងប្រយ័ត្នខ្ពស់ ការមានអាវុធនុយក្លេអ៊ែរ ហាក់ដូចជាចាក់បញ្ចូល “ឱសថជំនួយ”ឱ្យពួកស្តាំនិយមរបស់ជប៉ុន ហើយនឹងធ្វើឱ្យពួកគេកាន់តែមានទង្វើក្អេងក្អាងក្នុងជម្លោះអន្តរជាតិ ។ ប្រវត្ដិសាស្ត្របានបញ្ជាក់ហើយថា ល្គឹកណាយោធានិយមជប៉ុនគ្មានការរិតត្បិត នោះពួកគេនឹងដើរតាមផ្លូវឈ្លានពាននិងវាតទី ព្រមនិងនាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍដោយសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់សកលលោកទាំងមូល ។

ក្នុងនាមជាប្រទេសឈ្នះក្នុងសង្គ្រាមលោកលើកទីពីរ ប្រទេសចិន រុស្ស៊ី អាមេរិកនិងអង់គ្លេសជាដើមមានទំនួលខុសត្រូវខាងផ្លូវច្បាប់ក្នុងការទប់ស្កាត់ទង្វើប្រកបដោយគ្រោះថ្នាក់របស់ជប៉ុនដែលចង់មានអាវុធនុយក្លេអ៊ែរ ។ បច្ចុប្បន្ននេះ ប្រទេសចិននិងរុស្ស៊ីជាដើមបានព្រមានទៅលើពាក្យសម្តី “ចង់មានអាវុធនុយក្លេអ៊ែរ”របស់មន្ត្រីជប៉ុនរួចហើយ ព្រមទាំងដាស់តឿនយ៉ាងខ្លាំងក្លាឱ្យជប៉ុនគោរពច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់ប្រទេសខ្លួន កុំដើរតាមផ្លូវខុសឆ្គងកាន់តែឆ្ងាយទៅៗ ។ បើសិនជាជប៉ុនហ៊ានបំពានច្បាប់អន្តរជាតិ នោះសហគមន៍អន្តរជាតិនឹងមិនអត់ឱនជាដាច់ខាត!

To Top