លោក ហ្សេឡនស្គី បញ្ជាក់ថា លោកនឹងជួបជាមួយលោក ត្រាំ នៅរដ្ឋ Florida ដើម្បីពិភាក្សាអំពីការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បាន្យដឹងថា លោកមានគម្រោងពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលខាងមុខ។
លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅរដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។
លោកបានបន្ថែមថា អ៊ុយក្រែនមានបំណងលើកឡើងពីបញ្ហាទឹកដី និងការគ្រប់គ្រងលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងអំឡុងពេលចរចា។
យោងតាមលោក ហ្សេឡិនស្គី ផែនការសន្តិភាព ២០ចំណុចរួចរាល់ ៩០ភាគរយ ហើយឯកសារជាច្រើនដែលគូសបញ្ជាក់ពីការធានាសន្តិសុខត្រូវបានរៀបចំឡើង។
លោកបានបន្ដថា មានភាគីចំនួនបួននៅក្នុងផែនការសន្តិភាព គឺអ៊ុយក្រែន សហរដ្ឋអាមេរិក រុស្ស៊ី និងអឺរ៉ុប ដោយបន្ថែមថា ឯកសារនេះមិនអាចចុះហត្ថលេខាដោយគ្មានរុស្ស៊ី និងអឺរ៉ុបនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
