ព័ត៌មានជាតិ

បារាំង ៖ សន្តិភាពត្រូវតែបានពង្រឹង ក្រោយមានបទឈប់បាញ់កម្ពុជា-ថៃ

ភ្នំពេញ ៖ ក្រសួងអឺរ៉ុប និងការបរទេសបារាំងបានអះអាងថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមានហើយសនោះ ត្រូវតែពង្រឹងសន្តិភាព ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំងនៅថ្ងៃ២៨ ធ្នូនេះ បានឲ្យដឹងថា បារាំងវាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននៃបទឈប់បាញ់រវាងប្រទេសថៃ និងប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលឆ្លុះបញ្ចាំងឲ្យឃើញការចាប់ផ្តើមឡើងវិញ នូវកិច្ចសន្ទនារវាងអាជ្ញាធរយោធានៃប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍បន្តថា អំណឹះតទៅ សន្តិភាពត្រូវតែបានគេពង្រឹង។ ក្នុងនោះប្រទេសបារាំងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីធានាការការពារប្រជាពលរដ្ឋរបស់ខ្លួន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស ក៏ដូចជាការដោះសា្រយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា ដូចអ្វីដែលរដ្ឋមន្ត្រីការបរទេសបារំាងបានធានាជូនសមភាគីថៃ និងកម្ពុជា ក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅថា ប្រទេសបារំាងស្ថិតនៅក្បែរប្រទេសទាំងពីរ និងប្រធានអាស៊ានដើម្បីផ្តល់ការជួយជ្រោមជ្រែង៕

To Top