ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា៖ កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ 

ក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានជម្រាបជូនភាគីចិនថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះសាមគ្គីភាពជាប្រពៃណី មិត្តភាពដែកថែបដ៏យូរអង្វែង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា-ចិន និងសូមវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និតសម្រាប់គ្រប់កម្រិត និងគ្រប់វិស័យ។ 

លោក ប្រាក់ សុខុន ក៏បានកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្ម និងស្ថាបនារបស់ប្រទេសចិន ក្នុងការគាំទ្រឱ្យមានបទឈប់បាញ់ រវាងជម្លោះកម្ពុជា-ថៃ។ 

លោកបញ្ជាក់ថា «កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិនក្នុងការជំរុញការដោះស្រាយ ជម្លោះដោយប្រើប្រាស់កិច្ចសន្ទនា វិធីការទូត និងការគោរពគ្នាទៅវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង»៕

To Top