ប្រទេសចិនប្តេជ្ញា បន្តជំរុញការប្រើប្រាស់ក្នុងស្រុក និងការបើកចំហកម្រិតខ្ពស់ ហើយនឹងដើរតួនាទីជាកម្លាំង ស្ថិរភាព សម្រាប់កំណើនសេដ្ឋកិច្ចសកល
ចាប់តាំងពីការអនុវត្តផែនការប្រាំឆ្នាំលើកទី១៤ (២០២១–២០២៥) ប្រទេសចិនសម្រេចបានសមិទ្ធផល សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសក្នុងដំណើរ នៃការផ្លាស់ប្តូរពីគំរូអភិវឌ្ឍន៍ ដែលផ្តោតលើកំណើនខ្ពស់ទៅជាគំរូអភិវឌ្ឍន៍ ដែលផ្តោតលើកំណើន ប្រកបដោយគុណភាពខ្ពស់។ ក្នុងរយៈពេលប្រាំឆ្នាំនេះ ប្រទេសចិន បានខិតខំឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ធ្វើឱ្យស៊ីជម្រៅកំណែទម្រង់ និងលើកកម្ពស់ការបើកចំហកម្រិតខ្ពស់ ។

កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែត្រួសត្រាយផ្លូវ ឱ្យចិនអាចធ្វើដំណើរឆ្ពោះ ទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងសម្រេចគោលដៅសតវត្សរ៍ទីពីរ របស់ខ្លួនទេ តែក៏បានរួមចំណែកដល់ការជំរុញស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកលផងដែរ។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើង នៃភាពមិនប្រាកដប្រជា និងគោលនយោបាយគាំពារនិយម។
ក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននាពេលថ្មីៗនេះ ប្រទេសចិន បានបង្ហាញពីទិសដៅគោលនយោបាយសម្រាប់ផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) ដែលក្នុងនោះរដ្ឋាភិបាលចិននឹងបន្តពង្រឹងការប្រើប្រាស់ក្នុងស្រុក និងធ្វើឱ្យស៊ីជម្រៅការបើកចំហកម្រិតខ្ពស់ ក្នុងចំណោមអាទិភាពការងារសេដ្ឋកិច្ចនានា។
សម្រាប់ចិន ការជំរុញអាទិភាព ទាំងពីរនេះ មិនត្រឹមតែជាក្បាលម៉ាស៊ីន នៃកំណើនទេ តែក៏ជាខែលការពារដ៏សំខាន់ សម្រាប់ការទប់ទល់ នឹងការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅផងដែរ។ នាពេលកន្លងមក រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយទាក់ទាញសំខាន់ៗ ដូចជាគោលនយោបាយចាក់ប ញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច និងកម្មវិធីប្ដូរផលិតផលចាស់ យកផលិតផលថ្មីជាដើម ដើម្បីជំរុញការចំណាយ របស់អ្នកប្រើប្រាស់ក្នុងស្រុក។
ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥ ការចំណាយលើការប្រើប្រាស់ចុងក្រោយ បានរួមចំណែក ៥៣,៥% ដល់កំណើនសេដ្ឋកិច្ចចិន ពោលគឺកើនឡើង ៩% បើធៀបនឹងឆ្នាំមុនទាំងមូល។ ការប្រើប្រាស់សេវាកម្មបានកើនឡើងយ៉ាងឆាប់រហ័ស ខណៈអ្នកប្រើប្រាស់បានបង្កើនការចំណាយលើការធ្វើដំណើរ ការទទួលទានអាហារ និងការកម្សាន្តជាដើម។ ទោះបីខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនៅផុយស្រួយ ហើយភាពមិនប្រាកដប្រជាពីខាងក្រៅ នៅតែបន្តអូសបន្លាយ ការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិននៅតែមានស្ថិរភាព និងបានរួមចំណែកជាវិជ្ជមានដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។
ក្នុងនាមជាប្រទេសដែលតែងតែប្តេជ្ញាចិត្ត ចំពោះពហុភាគីនិយម និងសេរីភាវូបនីយកម្ម ប្រទេសចិនបានជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ជាមួយប្រទេស និងតំបន់ជាង ១៥០ ហើយបានកាត់បន្ថយអត្រាពន្ធគយមធ្យមមកត្រឹមតែ ៧,៣% ព្រមទាំងរក្សាបានតំណែងជាប្រទេសនាំចូលធំជាងគេលំដាប់ទី២ រយៈពេល១៦ឆ្នាំជាប់គ្នា។
ជាងនេះទៅទៀត ប្រទេសចិន បានកាត់បន្ថយបញ្ជីអវិជ្ជមាន របស់ខ្លួនជាបន្តបន្ទាប់ សម្រាប់ការវិនិយោគបរទេស ហើយបានអនុវត្តគោល នយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគី ឬលើកលែងទិដ្ឋាការទៅវិញទៅមកដល់ប្រទេសចំនួន ៧៦។ ការបើកដំណើរការជាផ្លូវការនូវប្រតិបត្តិការពន្ធគយពិសេស នៅកំពង់ផែពាណិជ្ជកម្មសេរីហៃណាន កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ ពីសកម្មភាពជាក់ស្តែង និងការប្តេជ្ញាចិត្តឥតងាករេរបស់ចិន ក្នុងការជំរុញការបើកចំហកម្រិតខ្ពស់ ដែលនឹងអនុញ្ញាតឱ្យគ្រប់ដៃគូរបស់ចិនអាចទទួលបានបរិយាកាសអំណោយផល ដើម្បីនាំផលិតផលទៅកាន់ទីផ្សារចិន។
សរុបមកវិញ ការបន្តប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រឹងការប្រើប្រាស់ក្នុងស្រុក និងការបើកចំហកម្រិតខ្ពស់ មិនត្រឹមតែនឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពសេដ្ឋកិច្ចសម្រាប់ប្រជាជនចិនទេ តែថែមទាំងផ្តល់នូវស្ថិរភាព ទំនុកចិត្ត និងសន្ទុះដល់សេដ្ឋកិច្ចសកលផងដែរ។ ការរីកចម្រើនរបស់ចិននឹងក្លាយទៅជាភាគលាភនៃការអភិវឌ្ឍសម្រាប់តំបន់ និងពិភពលោកទាំងមូល។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
