ព័ត៌មានជាតិ

JBC កម្ពុជា ផ្ញើកំណត់ការទូតទៅ JBCថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ នៅដើមខែមករា

ភ្នំពេញ ៖ គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា បានផ្ញើកំណត់ទូតទៅគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស បន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែង និងខណ្ឌសីមា ។

ការស្នើរបស់ JBC កម្ពុជានេះធ្វើឡើងបន្ទាប់ពី នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន ប្រទេសកម្ពុជា -បានប៉ាក់កាដ ក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះបានឲ្យដឹងថា ការស្នើទៅភាគីថៃដើម្បីដើម្បីពិភាក្សា និងបន្តការងារវាស់វែង និងខណ្ឌសីមា ក្នុងគោលបំណងបន្ត ចុះអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោល ព្រំដែនលេខ៤២-៤៧ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ ក្នុងភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងក៏នឹងពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៣៣-៣៧ (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែន ផ្សេងទៀត។
ជាមួយគ្នានេះ ក៏នឹងបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែ ព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែន អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរព អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោល ព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។

ជាមួយគ្នានេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន គោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង តាមបណ្តោយព្រំដែន និងមិនទទួលស្គាល់នូវការ កែប្រែខ្សែព្រំដែន ណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

To Top