ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការ សហប្រជាជាតិ ចេញមកថ្កោលទោស ការវាយប្រហារលើវិហារ អ៊ីស្លាមនៅក្នុងប្រទេសស៊ីរី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារភេរវកម្ម ដ៏សាហាវទៅលើវិហារអ៊ីស្លាម មួយកន្លែងក្នុងទីក្រុង Homs ប្រទេសស៊ីរី។

ការវាយប្រហារនេះបានកើតឡើងក្នុង អំឡុងពេលអធិស្ឋាន កាលពីថ្ងៃសុក្រ នៅឯវិហារអ៊ីស្លាម Ali Bin Abi Talib ក្នុងសង្កាត់ Wadi al-Dahab នៃទីក្រុង Homs នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយអ្នក នាំពាក្យលោក Stephane Dujarric ។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក Guterres បានរំលឹកឡើងវិញថា ការវាយប្រហារប្រឆាំងនឹងជនស៊ីវិល និងកន្លែងគោរពបូជា គឺមិនអាចទទួលយកបានឡើយ ដោយសង្កត់ធ្ងន់ថា អ្នកទទួលខុសត្រូវត្រូវតែកំណត់អត្តសញ្ញាណ និងនាំយកមកកាត់ទោស។

អគ្គលេខាធិការ​សូម​ចូល រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​អ្នក​ស្លាប់ និង​សម្តែង​ការ​អាណិតអាសូរ​ចំពោះ​អ្នក​រង​របួស​ទាំងអស់ ដោយ​ជូនពរ​ឱ្យ​ពួក​គេ​ឆាប់​ជា​សះស្បើយ និង​ពេញលេញ ផងដែរ។

គួរឲ្យដឹងដែឬថាអាជ្ញាធរសុខាភិបាល ស៊ីរីបាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះ ដែលបានវាយប្រហារវិហារអ៊ីស្លាម បានកើនឡើងដល់៨នាក់ហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top