ព័ត៌មានអន្តរជាតិ

រុស្សីបាញ់ បង្ហោះផ្កាយរណបម្តង ជាង៥០គ្រឿង ទៅកាន់ទីអវកាស

បរទេស ៖ យោងតាមការចេញផ្សាយរបស់​ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា គ្រាប់រ៉ូក្កែត Soyuz-2.1b របស់រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណប ចំនួន៥២គ្រឿង ដោយជោគជ័យ ទៅកាន់គន្លងតារាវិថី។ ក្នុងកញ្ចប់នេះផងដែរ ក៏​រួម​មាន​ផ្កាយរណប ​ចាប់​ដឹង​ពី​ចម្ងាយ​ផលតនៅអ៊ីរ៉ង់​ចំនួន៣បីគ្រឿងផងដែរ។

គ្រាប់រូក្កែតដែលបាញ់ចេញជា៣ដំណាក់កាលនេះ មានផ្ទុកផ្កាយរណប Aist-2T របស់រុស្សីពីរផងដែរ បានបាញ់ចេញពី Vostochny Cosmodrome នៅទីតាំងចុងបូព៌ារបស់ប្រទេស ហើយត្រូវបានផ្សាយ បន្តផ្ទាល់ទៅកាន់ពលរដ្ឋរបស់ខ្លួនផង។

លោក Vahid Yazdanian ប្រធានវិទ្យាស្ថាន ស្រាវជ្រាវអវកាសអ៊ីរ៉ង់បានប្រាប់ IRNA ថា ផ្កាយរណបសង្កេតគន្លងទាប របស់ពួកគេនឹងថតរូបភាពដែលអាចប្រើប្រាស់ ក្នុងវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការការពារបរិស្ថាន។

គួរឲ្យដឹងដែរថា បេសកកម្មលើកនេះ គឺជាគំនិតផ្តួចផ្តើមរួមគ្នារុស្ស៊ី-អ៊ីរ៉ង់ គឺជាផ្នែកមួយនៃកម្មវិធីកិច្ច សហប្រតិបត្តិការ អវកាសស៊ីវិលដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។

ទីក្រុងមូស្គូ និងទីក្រុងតេហរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រ ដ៏ទូលំទូលាយរយៈពេល ២០ឆ្នាំនៅដើមឆ្នាំ២០២៥ ដែលគ្របដណ្តប់លើលំហអាកាស និងកិច្ចសហប្រតិបត្តិការ ថាមពលសន្តិភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

ប្រែសម្រួល៖ស៊ុនលី

To Top