ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តបានផ្ដល់សម្ភារៈសិក្សា រៀបចំឲ្យសិស្សភៀសសឹក ជាង ២,០០០នាក់ បានចូលរៀន ក្នុងកំឡុងពេលព្រំដែន កម្ពុជា-ថៃ មានបញ្ហា

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្តបាន ចែកសម្ភារៈសិក្សា និងរៀបចំឲ្យសិស្សានុសិស្ស ភៀសសឹកជាង ២,០០០នាក់ បានចូលរៀនវិញ ខណៈពេលដែល នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា ថៃ មានបញ្ហា ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សភៀសសឹក ជាង ៣០០ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។

លោកអភិបាលខេត្ត បានយកឱកាសនោះពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ជូនចំពោះក្មួយៗ សិស្សានុសិស្ស និងបងប្អូនអាណាព្យាបាលដែលបានភៀសសឹកពីតំបន់ដែលមានបញ្ហា ហើយបានមកដល់ទឹកដីក្នុងខេត្តកំពង់ចាមនេះ។

លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរ អំពីបញ្ហាសុខទុក្ខ ក៏ដូចជាបានដោះស្រាយនូវបញ្ហាជូនបងប្អូន គ្រួសារភៀសសឹករបស់យើងនេះ ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងការមកស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងខេត្តកំពង់ចាមមួយរយៈនេះ ឃើញថា ទាំងស្បៀង បញ្ហាសុខភាព និងបញ្ហាស្នាក់អាស្រ័យ មានសុខសុវត្ថិភាពល្អ និងភាពកក់ក្តៅ ក្រុមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានរបស់យើង។

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា ក្នុងខេត្តកំពង់ចាម មានបងប្អូនប្រជាពលរដ្ឋគ្រួសារភៀសសឹក សរុបជាង ៧,០០០ នាក់ និងសិស្សានុសិស្សភៀសសឹកកំពុងសិក្សា ជាង ២,០០០ នាក់ ដែលអាជ្ញាធរខេត្តសម្រុកផ្ដល់សម្ភារៈ និងស្បៀងអាហារបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top