ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ ទទួលស្គាល់ថា​ តៃវ៉ាន់​ ជាផ្នែកសំខាន់មួយ នៃប្រទេសចិន

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា​ តៃវ៉ាន់​ គឺជាផ្នែកសំខាន់មួយ នៃប្រទេសចិន ហើយរុស្ស៊ីប្រឆាំងនឹងឯករាជ្យភាព របស់តៃវ៉ាន់ក្នុងទម្រង់ណាមួយ ។

នៅក្នុងបទសម្ភាសន៍ជាមួយ TASS លោក Lavrov បានឧ្យដឹងថា ជំហរគោលការណ៍របស់រុស្ស៊ី លើបញ្ហាតៃវ៉ាន់ត្រូវបានគេស្គាល់យ៉ាងច្បាស់ និងមិនផ្លាស់ប្តូរ។ “រុស្ស៊ី​ ទទួលស្គាល់តៃវ៉ាន់​ ជាផ្នែកសំខាន់មួយនៃប្រទេសចិន ហើយឈរប្រឆាំង នឹងឯករាជ្យភាពរបស់កោះនេះក្នុងទម្រង់ណាមួយ”។

ដូចដែលអ្នកការទូតកំពូលរបស់រុស្ស៊ី​ បានកត់សម្គាល់ រុស្ស៊ីតែងតែចាត់ទុកបញ្ហាតៃវ៉ាន់ថា ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងទទួលស្គាល់មូលដ្ឋានស្របច្បាប់ របស់ចិន​ សម្រាប់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។

លោក Lavrov ក៏បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ ផងដែរថា ទិសដៅរបស់ជប៉ុនឆ្ពោះទៅរកយោធាភាវូបនីយកម្ម អាចប៉ះពាល់អវិជ្ជមានដល់ស្ថិរភាពនៅក្នុងតំបន់។

លោកបានបន្ដថា “ថ្មីៗនេះ ថ្នាក់ដឹកនាំជប៉ុនបានស្វែងរកការបង្កើនល្បឿនយោធា ភាវូបនីយកម្មរបស់ប្រទេស។ ឥទ្ធិពលអាក្រក់នៃវិធីសាស្រ្តបែបនេះលើស្ថិរភាពក្នុងតំបន់​ គឺជាក់ស្តែង”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top