ការផ្សព្វផ្សាយថា ថៃចាប់ទ័ពកម្ពុជា ១០នាក់ទៀត ជារឿងមិនពិត
ភ្នំពេញ ៖ ចំពោះការផ្សព្វផ្សាយព័ត៌មានថា យោធាថៃ បានចាប់ខ្លួនទាហានខ្មែរ ១០នាក់បន្ថែមទៀត ជារឿងមិនពិតនោះឡើយ ។
ការលើកឡើងបែបនេះ បន្ទាប់ពីក្រុមជ្រុលនិយមនៅក្រៅប្រទេស បានផ្សព្វផ្សាយថា នៅច្រកតាថាវ នៅគណៈប្រតិភូ នាំគ្នាចូលទៅចរចា ជាមួយភាគីថៃ ស្រាប់តែទាហានថៃ បានចាប់ខ្លួនទាហានកម្ពុជា ១០នាក់ទៀត បន្ថែមពីការចាប់ខ្លួនលើកទី១ ចំនួន១៨នាក់ ។ ដូច្នេះសរុបទាំងអស់២៨នាក់។
យោងតាមបង្ហោះក្នុងបណ្តាញ សង្គមតេឡេក្រាមរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥បានឲ្យដឹងថា នេះជាព័ត៌មានក្លែងក្លាយ ដែលបានបង្កើតឡើងក្នុងគោលបំណងបង្កការភាន់ច្រឡំ ក្នុងសាធារណមតិអំពីស្ថានភាពពិត និងបង្កការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការគ្រប់គ្រងស្ថានការណ៍។ ដូច្នេះសាធារណជន កុំយល់ច្រឡំ និងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ។
ប្រជាពលរដ្ឋត្រូវបន្តតាមដានព័ត៌មាន និងការវិវត្តពីប្រភពព័ត៌មានផ្លូវការ និងប្រភពព័ត៌មានដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ។ ដូច្នេះចូលរួម «Report» ផុស និងគណនីបែបនេះ ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ចេញពីបរិយាកាស និងលំហព័ត៌មានកម្ពុជា៕
