ប្រមុខការទូតខ្មែរ ៖ កម្ពុជា-ថៃ ឯកភាពរក្សាបទឈប់បាញ់ឲ្យស្ថិតស្ថិរ និងរឹងមាំ
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងថា ក្រោយបញ្ចប់កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន គឺកម្ពុជា-ថៃបានឯកភាពគ្នារក្សាបទឈប់បាញ់រវាងប្រទេសទាំងពីរនេះ ឲ្យបានស្ថិតស្ថិរ និងរឹងមាំយូរអង្វែង ។
ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ និងចិន នៅលើទឹកដីខេត្តណាននីង ប្រទេសចិន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន បានថ្លែងថា កម្ពុជា-ថៃបានឯកភាពរួមគ្នារក្សាបទឈប់បាញ់ដែលបានចូលជាធរមានកាលពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកឲ្យមានប្រសិទ្ធភាព ។
លោកបញ្ជាក់ថា “យើងបានឯកភាពគ្នា ឆ្លងតាមការពិភាក្សាទាំងទ្វេភាគី និងត្រីភាគី យើងឯកភាពគ្នាថា យើងបានសម្រេចសមិទ្ធផលច្រើនហើយមកដល់ពេលនេះ យើងមិនអាចធ្វើឲ្យសភាពការណ៍ត្រឡប់ទៅក្រោយវិញបានទេ ។ បានន័យថា គ្មានអ្នកណាចង់បានសង្គ្រាមឡើងវិញនោះទេ ។ អីចឹងអ្វីដែលសំខាន់ទី១ គឺធ្វើឲ្យបទឈប់បាញ់នេះ ស្ថិតស្ថិរ និងរឹងមាំត្រូវបានគោរព និងអនុវត្ត”។
រដ្ឋមន្រ្តីបន្តថា ការឯកភាពរក្សាបទឈប់បាញនេះ ដើម្បីបង្កបរិយាកាសអំណោយផលល្អសម្រាប់ការអនុវត្តនូវកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នាកន្លងមក ។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសខ្មែរក៏បានប្រាប់ទៅរដ្ឋមន្រ្តីការបរទេសថៃ និងចិនអំពីការតាំងចិត្តយ៉ាងមុតមាំចំពោះការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព ។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ និងចិន គឺប្រទេសចិនគាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃក្នុងរឿងបទឈប់បាញ់នេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក ក្នុងគោលបំណងធានាឲ្យមានភាពទូលំទូលាយ និងយូរអង្វែង និងជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងសន្តិភាពឡើងវិញ៕
