ព័ត៌មានជាតិ

កម្ពុជា ពុំបានបង្ហោះយានគ្មានមនុស្សបើកជាង ២៥០គ្រឿង ចូលរំលោភដែនអធិបតេយ្យរបស់ថៃទេ

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា ”ខ្លួនរកឃើញយាន គ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជា ចូលមករំលោភក្នុងដែន អធិបតេយ្យរបស់ថៃ”។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោល ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជាទាំងស្រុង។ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹង និងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ៕

To Top