អតីតស្ត្រីទីមួយកូរ៉េខាងត្បូង លោកស្រី Kim Keon Hee រងការចោទប្រកាន់ ពីបទទទួលសំណូកទឹក ប្រាក់ជាង២០០,០០០ ដុល្លារ
កូរ៉េខាងត្បូង ៖ អតីតស្ត្រីទីមួយកូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានចោទប្រកាន់ ដោយព្រះរាជអាជ្ញា កាលពីថ្ងៃចន្ទថា បានទទួលសំណូកដ៏ច្រើនសន្ធឹកសន្ធាប់សរុបជាង ២០០,០០០ ដុល្លារអាមេរិក រួមទាំងស្នាដៃសិល្បៈ គ្រឿងអលង្ការ និងកាបូបដៃ ក៏ដូចជាការជ្រៀតជ្រែក ក្នុងកិច្ចការរដ្ឋ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
លោកស្រី Kim Keon Hee ជាភរិយារបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានអាម៉ាស់ ត្រូវបានចាប់ខ្លួនកាលពីខែសីហា ហើយកំពុងស្ថិត ក្រោមការស៊ើបអង្កេតពីបទរៀបចំភាគហ៊ុន និងទទួលអំណោយ ពីព្រះវិហារ Unification Church មានលក្ខណៈស្រដៀង នឹងនិកាយ។ លោកស្រីក៏ត្រូវបានចោទប្រកាន់ ពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតសភាផងដែរ។
សេចក្តីប្រកាសមួយដែលបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេ ព្រះរាជអាជ្ញា Min Joong-ki បាននិយាយថា ស្ថាប័ននានារបស់កូរ៉េខាងត្បូងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយការរំលោភអំណាចដោយលោកស្រី Kim ។
លោក Kim Hyung-geun ព្រះរាជអាជ្ញាបានមានប្រសាសន៍ថា លោក Kim ត្រូវបានចោទប្រកាន់ថា បានជ្រៀតជ្រែកខុសច្បាប់ក្នុងកិច្ចការរដ្ឋ នៅពីក្រោយឆាក ហួសពីការមើលឃើញរបស់សាធារណជន។ ពួកគេបានចោទប្រកាន់ថា សំណូកពី អាជីវកម្ម និងអ្នកនយោបាយ ដែលលោកស្រី Kim ទទួលបានមានចំនួន សរុបរហូតដល់ ៣៧៧.២៥ លានវ៉ុន (២៦៣,០០០ ដុល្លារ)។
អ្នកស៊ើបអង្កេតបានចោទប្រកាន់ថា លោកស្រី Kim បានទទួលកាបូប Chanel ចំនួនពីរ និងខ្សែក Graff ពីមេដឹកនាំនៃព្រះវិហារ Unification Church។ លោកស្រីក៏ត្រូវបានចោទប្រកាន់ថា បានទទួលគ្រឿងអលង្ការប្រណីត គំនូរដោយវិចិត្រករជនជាតិកូរ៉េខាងត្បូងដ៏ល្បីល្បាញ Lee Ufan កាបូបដៃ Dior និងនាឡិកាដៃផងដែរ៕
