ព័ត៌មានអន្តរជាតិ

លោក Netanyahu សំណូមពរទៅលោក Trump ដើម្បីអាចបើកការវាយប្រហារសាជាថ្មី និងបន្ថែមទៀត ទៅលើប្រទេសអ៊ីរ៉ង់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu តាមសេចក្តីរាយការណ៍ គ្រោងនឹងស្នើសុំប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យយល់ព្រម ឬចូលរួមការវាយ ប្រហារយោធាថ្មី ប្រឆាំងនឹងទីតាំងមីស៊ីល ផ្លោងរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមកាសែត Washington Post បានអះអាងនៅមុនកិច្ចប្រជុំ របស់ពួកគេនៅថ្ងៃចន្ទ។

កាល​ពី​ខែ​មិថុនា អាមេរិក និង​អ៊ីស្រាអែល​ បាន​ធ្វើ​យុទ្ធនាការ​វាយ​ប្រហារ​ផ្លូវ​អាកាស ​រួម​គ្នា​ប្រឆាំង​នឹង​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

ការវាយប្រហារនេះត្រូវបានផ្តួចផ្តើមឡើង បើទោះបីជាមានការវាយតម្លៃពីមុន ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថាIAEAដែលរកមិនឃើញភស្តុតាង ណាមួយដែលបង្ហាញថា អ៊ីរ៉ង់កំពុងបង្កើតអាវុធ នុយក្លេអ៊ែរនោះឡើយ។

កាសែត Washington Post បានរាយការណ៍ទៀតថា លោក Netanyahu ត្រូវបានគេរំពឹងថា នឹងសង្ខេបហេតុ របាយការណ៍ជូនលោក Trump នៅថ្ងៃចន្ទ អំពីការស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ដែលបង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំឡើងវិញយ៉ាងឆាប់រហ័ស នូវកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ដែលបានខូចខាតកាលពីដើមឆ្នាំនេះ។

បណ្តាញផ្សព្វផ្សាយ ដដែលបាននិយាយថា លោក Netanyahu នឹងស្វែងរកភ្លើងខៀវ សម្រាប់ការវាយប្រហារ មួយផ្សេងទៀត ប្រឆាំងនឹងកម្មវិធីមីស៊ីល ផ្លោងរបស់សាធារណរដ្ឋអ៊ីស្លាម ដែលអាចជាផ្នែកនៃប្រតិបត្តិការ រួមគ្នាជាមួយសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top