លោក ត្រាំ ផ្ទុះកំហឹង ពេលដឹងថា អ៊ុុយក្រែនប្រើ ដ្រូន ៩១គ្រឿង វាយប្រហារផ្ទះប្រធានាធិបតីរុស្ស៊ី អំឡុងពេលចរចា
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសការប៉ុនប៉ង វាយប្រហារដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនទៅលើលំនៅដ្ឋាន របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយលោក ត្រាំ បានបញ្ជាក់ថា ការវាយប្រហារនេះធ្វើឱ្យលោក “ខឹងសម្បារយ៉ាងខ្លាំង” និងបានកើតឡើងនៅ “រយៈពេលដ៏លំបាកមួយ”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ថា នៅមុននេះបន្តិចកាលពីថ្ងៃចន្ទ ទីក្រុង មូស្គូបានឲ្យដឹងថា លំនៅដ្ឋានរបស់លោក ពូទីន នៅក្នុងតំបន់ Novgorod បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយយ៉ាងខ្លាំងក្លាមួយនៅពេលយប់។ យន្តហោះគ្មានមនុស្សបើកប្រភេទ kamikaze សរុបចំនួន ៩១ គ្រឿងត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ ដែលទាំងអស់នេះត្រូវបានស្ទាក់ចាប់បាន។ មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានថ្កោលទោសការប៉ុនប៉ងវាយប្រហារនេះថា ជាការវាយប្រហារភេរវកម្ម ដោយ សន្យាថា នឹងសងសឹកវិញ និងបង្ហាញថា ហេតុការណ៍នេះប្រាកដជាប៉ះ ពាល់ដល់ជំហររបស់ទីក្រុងមូស្គូនៅក្នុងការចរចាដែលកំពុងបន្ត ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។
ថ្លែងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ នៅខាងក្រៅសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា លោកបានដឹងអំពីការវាយប្រហារនេះពីលោក ពូទីន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីព្រឹកមិញ។ ហេតុការណ៍នេះបាន ធ្វើឱ្យប្រធានាធិបតីអាមេរិក “ខឹងសម្បារយ៉ាងខ្លាំង” ជាពិសេសចាប់តាំងពីវាបាន កើតឡើងក្នុងអំឡុងពេល “រយៈពេលដ៏លំបាកមួយ”។
ប្រែសម្រួលៈ ណៃ តុលា
