ព័ត៌មានអន្តរជាតិ

យោធាចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ១០ ម៉ោងនៅជុំវិញកោះតៃវ៉ាន់ដែលជាថ្ងៃទីពីរនៃសមយុទ្ធសង្គ្រាមដ៏ធំបំផុតមិនធ្លាប់មាន

បរទេស៖ ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ១០ ម៉ោងនៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃអង្គារ ដែលជាថ្ងៃទីពីរនៃសមយុទ្ធសង្គ្រាមដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះនេះ ដោយមានគោលបំណងកាត់ផ្តាច់ទំនាក់ទំនងរបស់ខ្លួនយ៉ាងឆាប់រហ័សទៅនឹងការគាំទ្រពីខាងក្រៅក្នុងករណីមានជម្លោះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ថា បញ្ជាការដ្ឋានភាគខាងកើតបាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងរហូតដល់ម៉ោង ៦ ល្ងាចនៅក្នុងសមុទ្រ និងដែនអាកាសនៃទីតាំងចំនួនប្រាំជុំវិញកោះនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យោធាចិនក្នុងការ “ប្រយុទ្ធប្រឆាំងនឹងការបំបែកខ្លួន និងលើកកម្ពស់ការបង្រួបបង្រួមដោយមិនស្ទាក់ស្ទើរ”។
រដ្ឋបាលសុវត្ថិភាពសមុទ្ររបស់ប្រទេសចិនកាលពីថ្ងៃចន្ទបានកំណត់តំបន់ពីរបន្ថែមទៀត ដែលការបាញ់គ្រាប់ពិតនឹងធ្វើឡើង ដែលធ្វើឱ្យសមយុទ្ធ “បេសកកម្មយុត្តិធម៌ ២០២៥” ធំជាងគេរហូតមកដល់បច្ចុប្បន្ន តាមការគ្របដណ្តប់សរុប និងនៅក្នុងតំបន់ដែលនៅជិតកោះតៃវ៉ាន់ជាងសមយុទ្ធមុនៗ។

សមយុទ្ធសង្គ្រាមបានចាប់ផ្តើម ១១ថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់អាវុធតម្លៃ ១១,១ ពាន់លានដុល្លារដល់កោះតៃវ៉ាន់ ដែលនេះបានទាក់ទាញការខឹងសម្បារពីក្រសួងការពារជាតិចិន និងការព្រមានថាយោធានឹង “ចាត់វិធានការយ៉ាងខ្លាំងក្លា” ដើម្បីឆ្លើយតប។

ប្រែសម្រួល: ណៃ តុលា

To Top