ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ ដឹកនាំថ្នាក់ដឹកនាំក្រសួង សហជីព និងសមាគមរោងចក្រ ចុះសួរសុខទុក្ខ និងផ្តល់អំណោយ ជូនដល់រដ្ឋបាល ខេត្តឧត្តរមានជ័យ ដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការជាក់ស្តែង

ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសហជីព និងសមាគមរោងចក្រ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក​ មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។

នាឱកាសនោះលោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ របស់រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានជួយអន្តរាគមន៍ដោះស្រាយ បានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹក ទៅតំបន់មានសុវត្ថិភាព និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាដល់ការផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ការស្នាក់នៅ ជាបណ្តោះអាសន្ន។

ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយ នាពេលនេះគឺជាការឆ្លើយតបក្នុងគ្រាលំបាក ខ្វះខាតទាំងឡាយនៅចំពោះមុខ ដែលរដ្ឋបាលខេត្តមានតម្រូវការជាច្រើន យកទៅដោះស្រាយតាមតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីស្មារតីគាំទ្រ និងការជឿជាក់យ៉ាងមោះមុតរបស់ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងនិយោជកនៅទូទាំងប្រទេស លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឱ្យបានសុខសន្តិភាព។

ក្នុងនាមរដ្ឋបាលខេត្ត លោក​ មាន ចាន់យ៉ាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបាននាំមកជាអំណោយថវិកា និងសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពនាពេលនេះ។

អំណោយនាពេលនេះ រួមមាន៖ ថវិកាចំនួន ៤០ លានរៀល ជូនរដ្ឋបាលខេត្ត និង ចំនួន ៩០ លានរៀលបន្ថែមទៀតសម្រាប់ជូនដល់ ៦ អង្គភាព (អង្គភាពនីមួយៗទទួលបាន ១៥ លានរៀល), ម៉ូតូ(Wave)ចំនួន ១២ គ្រឿង, ផ្ទាំងសូឡា, អាយកូម, គ្រឿងឧបភោគបរិភោគ, ភេសជ្ជៈ, ថ្នាំសង្កូវ និងទឹកដោះគោឆៅ។

ជាចុងក្រោយក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦នេះ  លោករដ្ឋមន្រ្តីបានជូនពរឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្រ្តីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសវីរកងទ័ពជួរមុខ សូមមានសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងឡាយ៕

To Top