ព័ត៌មានជាតិ

កម្ពុជា លើកទឹកចិត្តចិន ឱ្យបន្តតួនាទីស្ថាបនា ក្នុងការគាំទ្របទឈប់បាញ់ កម្ពុជា-ថៃ និងសម្របសម្រួលដំណោះស្រាយ ដ៏ត្រឹមត្រូវ និងយូរអង្វែង

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសម្ដែងការលើកទឹកចិត្តចិន ឱ្យបន្តតួនាទីស្ថាបនា ក្នុងការគាំទ្របទឈប់បាញ់ កម្ពុជា-ថៃ និងសម្របសម្រួលដំណោះស្រាយ ដ៏ត្រឹមត្រូវនិងយូរអង្វែង។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន បានសម្តែងការកោតសរសើរដ៏ជ្រាលជ្រៅ ចំពោះតួនាទី សកម្មរបស់ប្រទេសចិន ជាពិសេសការដឹកនាំដ៏ច្បាស់លាស់ និងកិច្ចប្រឹងប្រែងផ្ទាល់ខ្លួន របស់ លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងការពិគ្រោះយោបល់ ដែល បានរួមចំណែកដល់បទឈប់បាញ់ និងលិទ្ធផលនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅលើក ទី៣ នាពេលថ្មីៗនេះ។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា អាទិភាពទីមួយគឺការគោរពពេញ លេញ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ ដោយសុឆន្ទៈ និងស្មោះត្រង់ ដើម្បីធានា បាននូវភាពឋិតថេរនៃបទឈប់បាញ់នេះ ដែលនឹងជួយកសាងទំនុកចិត្ត កាត់បន្ថយភាពតានតឹង និងការ វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអះអាងជាថ្មីអំពីជំហរ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរក្សាបទឈប់បាញ់ ដើម្បីឱ្យភាគីទាំងពីរអាចឈានឆ្ពោះទៅរក សន្តិភាពចីរកាល កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកជិតខាងដ៏ល្អ។

ជាជំហានឆ្ពោះទៅមុខ លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗ ដែលរួម មានការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់ភាគីទាំងពីរ ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅលើកទី៣ សន្ធិសញ្ញា និងអនុសញ្ញាដែលនៅជាធរមាន និងកិច្ចព្រមព្រៀង នានាដែលបានធ្វើកន្លងមក។ ឯកឧត្តមបានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃការថែរក្សា និងគោរពបទ ឈប់បាញ់ ការធានាដល់ការដោះលែងយោធិនខ្មែរ ១៨នាក់ ដែលត្រូវបានចាប់ឃុំខ្លួន និងការធានាឱ្យ ប្រជាជនស៊ីវិលបានវិលត្រឡប់ទៅលំនៅឋានក្នុងតំបន់រងគ្រោះ និងប្រកបជីវភាពរស់នៅជាធម្មតា ដោយ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

លោកបានគូសបញ្ជាក់បន្ថែម ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំគណៈកម្មការ ចម្រុះខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់ ដើម្បីបន្តការងារវាស់វែង និងការបោះបង្គោលព្រំដែន, ការជំរុញកិច្ច សហប្រតិបត្តិការជាក់ស្ដែង ក្នុងក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា, ការពង្រឹងការកសាងទំនុកចិត្តតាមរយៈ ការទំនាក់ទំនងផ្នែកយោធានិងការទូត ឱ្យបានជាប់ប្រចាំ និងការពង្រឹងតួនាទី របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។

លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់លើការទទួលខុស់ត្រូវរួមក្នុងនាមជាប្រទេសជិតខាង ខណៈ ដែលប្រទេសកម្ពុជា និងថៃ នៅតែជាអ្នកជិតខាងគ្នាអចិន្ត្រៃយ៍ ដើម្បីធានាសន្តិភាព និងស្ថិរភាពចីរកាល សម្រាប់ប្រជាជននៃប្រទេសទាំងពីរ សម្រាប់តំបន់ និងសម្រាប់គ្រួសារអាស៊ាន។

លោក ប្រាក់ សុខុន បានលើកទឹកចិត្តចិន ឱ្យបន្តតួនាទីស្ថាបនារបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ និងសម្របសម្រួលដំណោះស្រាយដ៏ ត្រឹមត្រូវ និងយូរអង្វែង៕

To Top