ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ៖ កងកម្លាំងនគរបាលជាតិ បន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំ តស៊ូជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថា កងកម្លាំងនគរបាលជាតិ នៅតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូក្រាញននៀលជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រឆាំងនឹងការឈ្លានពានរបស់បរទេស។

ក្នុងសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការគោរពកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងវីរកងកម្លាំងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហាន ដែលបានតស៊ូក្រាញននៀលយ៉ាងស្វិតស្វាញ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង និងហ៊ានបូជាអាយុជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឲ្យបានគង់វង្សជូនជាតិ និងប្រជាជន។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា មនសិការស្នេហាជាតិមាតុភូមិប្រកបដោយវីរភាពអង់អាចក្លាហាននេះ ត្រូវបានចារឹកទុក និងចងចាំជានិច្ចក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់ ព្រមទាំងបានជំរុញ និងលើកទឹកចិត្តយុទ្ធជន យុទ្ធនារីខ្មែរគ្រប់រូប ឲ្យបន្តត្រងត្រាប់យកគំរូវីរភាពនេះ ធ្វើការតស៊ូប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារជាតិ និងទឹកដី ឲ្យបានគង់វង្សជាដាច់ខាត គ្រប់កាលៈទេសៈទាំងបច្ចុប្បន្ន និងទៅអនាគត។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរចំពោះវីរភាពរបស់កងម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ទាំងថ្ងៃទាំងយប់ដោយមិនគិតពីការនឿយហត់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ហើយពេលខ្លះមានរបួស និងពលីជីវិតថែមទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសេចក្តីសុខសាន្ដរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិទាំងមូល។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំឲ្យជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដោយដាក់ចេញនូវផែនការ វិធានការជំនាញក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវ កម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ ប្រព័ន្ធទូរគមនាគមន៍ប្រព្រឹត្តអំពើឆបោក បទល្មើសសេដ្ឋកិច្ចដែលនាំឲ្យប៉ះពាល់សុខមាលភាព អាយុជីវិតប្រជាពលរដ្ឋ៕

To Top