អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដាក់ពាក្យប្តឹងឧទ្ធរណ៍ ក្រោយតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ និងពិន័យ ១១,៤ ពាន់លានរីងហ្គីត
បរទេស៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានដាក់ពាក្យប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការផ្តន្ទាទោសលើរូបលោកក្នុងសំណុំរឿង 1Malaysia Development Berhad (1MDB) ក្នុងតម្លៃ ២,២៨ពាន់លានរីងហ្គីត ស្មើនឹងប្រហែល ៧២៤ លានដុល្លារ ។
យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មេធាវីរបស់លោក គឺលោក Muhammad Farhan Muhammad Shafee បានបញ្ជាក់ថា សេចក្តីជូនដំណឹងនេះត្រូវបានដាក់នៅថ្ងៃទី ២៩ ខែធ្នូ។
កាលពីថ្ងៃទី២៦ ខែធ្នូ តុលាការកំពូលបានរកឃើញថា លោក Najib មានពិរុទ្ធពីបទរំលោភអំណាចចំនួន ៤ និងបទចោទប្រកាន់លាងលុយកខ្វក់ចំនួន ២១ ពាក់ព័ន្ធនឹងលុយចំនួន ២,២៨ ពាន់លាន រីងហ្គីត ដែលភ្ជាប់ទៅនឹងមូលនិធិ 1MDB ។ អតីតនាយករដ្ឋមន្ត្រីត្រូវបានកាត់ទោសឱ្យជាប់គុក ១៥ ឆ្នាំ និងពិន័យជាប្រាក់សរុបចំនួន ១១,៤ ពាន់លានរីងហ្គីត ជាមួយនឹងការកាត់ទោសជាប់ពន្ធនាគាររយៈពេល ៤០ ឆ្នាំ ក្នុងករណីមិនបានបំពេញលក្ខខណ្ឌហិរញ្ញវត្ថុ សម្រាប់ការចោទប្រកាន់ពីបទរំលោភអំណាច។
ខណៈពេលដែលមិនមានការផាកពិន័យសម្រាប់ការចោទប្រកាន់ពីបទលាងលុយកខ្វក់នោះ តុលាការបានបញ្ជាឱ្យលោក Najib បង់ប្រាក់ចំនួន ២,០៨១ ពាន់លានរីងហ្គីត និងជាប់ពន្ធនាគារចំនួន ២៧០ ខែសម្រាប់ការចោទប្រកាន់ទាំងនោះ។
លោក Najib ត្រូវបានចោទប្រកាន់ចំនួនបួនករណីនៃការប្រើប្រាស់តំណែងជានាយករដ្ឋមន្រ្តីរបស់លោក ដើម្បីទទួលបានការបំពេញចិត្តចំនួន ២,២៨ ពាន់លានរីងហ្គីតពីមូលនិធិ 1MDB និង ២១ ករណីនៃការលាងលុយកខ្វក់ដែលពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ដូចគ្នា៕
ប្រែសម្រួលៈ ណៃ តុលា
