ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រារព្ធខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាព Dayton

អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីថ្លែងការណ៍ប្រធានាធិបតីមួយ ដែលប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព Dayton ដែលបានបញ្ចប់សង្គ្រាមបូស្នៀឆ្នាំ១៩៩២-១៩៩៥ ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមប្រឹក្សាសន្តិសុខ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា (BiH) នៅក្នុងព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ។

ក្រុមប្រឹក្សាទទួលស្គាល់សន្តិភាព និងស្ថិរភាព ប្រកបដោយចីរភាពដែលសម្រេចបាននៅក្នុង BiH ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព Dayton ហើយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនា និងការឯកភាពគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្រុមប្រឹក្សាអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ គ្រប់លំដាប់ថ្នាក់នៃរដ្ឋាភិបាល ឱ្យចៀសវាងការនិយាយស្តី ឬសកម្មភាព ដែលបង្កការបែកបាក់ ជៀសវាងការប្រឈមមុខដាក់គ្នា គោរពនីតិរដ្ឋ និងគាំទ្រកិច្ចព្រមព្រៀងសន្តិភាព Dayton ។ ក្រុមប្រឹក្សាក៏សង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញការផ្សះផ្សា លើកកម្ពស់ទំនុកចិត្តក្នុងចំណោមសហគមន៍ និងលើកកម្ពស់សាមគ្គីភាពសង្គម ជាធាតុផ្សំសំខាន់ៗ នៃប្រទេស BiH ដែលមានភាពធន់ និងប្រជាធិបតេយ្យ ។

ក្រុមប្រឹក្សាបានគូសបញ្ជាក់ជាថ្មីថា គោលដៅរួម នៅតែជារដ្ឋប្រជាធិបតេយ្យ និងមានអធិបតេយ្យភាព ដែលមានការ ទទួលខុសត្រូវ ពេញលេញលើដំណើរ ការនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន ។ ក្រុមប្រឹក្សាសង្កត់ធ្ងន់លើឯកភាពរបស់ខ្លួនក្នុងការគាំទ្រ BiH ដែលមានអធិបតេយ្យភាព ប្រជាធិបតេយ្យ និងពហុជនជាតិ ហើយស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយ អ្នកជិតខាងនៅក្នុងតំបន់៕

To Top