ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពង្រីកអាណត្តិកងកម្លាំងរក្សាសន្តិភាពនៅតំបន់ Golan Heights

អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចមួយ ដើម្បីពង្រីកអាណត្តិកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ Golan Heights រយៈពេល ៦ខែ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីសម្រេចលេខ២៨១១ ស្តីពីកងកម្លាំងសង្កេតការណ៍ដកទ័ពរបស់អង្គការសហប្រជាជាតិ (UNDOF) បានសង្កត់ធ្ងន់លើកាតព្វកិច្ចរបស់អ៊ីស្រាអែល និងស៊ីរី ក្នុងការគោរពយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ឆ្នាំ ១៩៧៤ ហើយអំពាវនាវឱ្យពួកគេអនុវត្តការអត់ធ្មត់អតិបរមា និងការពារការរំលោភលើបទឈប់បាញ់ និងតំបន់បំបែកខ្លួន។

វាស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ធានាថា UNDOF មានសមត្ថភាព និងធនធានដែលត្រូវការ ដើម្បីបំពេញអាណត្តិនេះតាមរបៀបដែលមានសុវត្ថិភាព និងសុខស្រួល។ UNDOF ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ១៩៧៤ បន្ទាប់ពីការដកទ័ពអ៊ីស្រាអែល និងស៊ីរីដែលបានព្រមព្រៀងគ្នានៅក្នុងតំបន់ Golan Heights ដែលមានភារកិច្ចរក្សាបទឈប់បាញ់រវាងអ៊ីស្រាអែល និងស៊ីរី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top