ព័ត៌មានអន្តរជាតិ

ក្រុមចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត អះអាងថា មានការការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវ បានមកដល់ផែ របស់ប្រទេសយេមែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសយេមែនបាននិយាយកាលពីថ្ងៃអង្គារថា នាវាពីរគ្រឿងដែលចូលកំពង់ផែភាគខាងត្បូងនៃទីក្រុង Mukalla គឺជានាវាដែលមានផ្ទុកកុងតឺន័រ ដែលផ្ទុកដោយអាវុធ និងគ្រាប់រំសេវ។

នៅក្នុងការប្រកាស នៅលើបណ្តាញសង្គម X អ្នកនាំពាក្យក្រុមចម្រុះលោក Turki Al-Maliki បាននិយាយថានាវា ទាំងនោះបានចូលកំពង់ផែដោយមិនទទួល បានលិខិតអនុញ្ញាតចូលពីរដ្ឋាភិបាលយេមែន ឬបញ្ជាការចម្រុះ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអារ៉ាប់រួម ដែលអះអាងថា ការដឹកជញ្ជូនមិនមានអាវុធ និងត្រូវបានកំណត់សម្រាប់កងកម្លាំង របស់សហភាពអារ៉ាប់។

លោក Turki Al-Maliki បានបន្ថែមថា UAE បានផ្ទេរនាវា និងកុងតឺន័រទៅកាន់មូលដ្ឋាន Al-Rayyan ដោយមិនជូនដំណឹងដល់ភាគី អារ៉ាប៊ីសាអូឌីតឡើយ ។
នាវាទាំងពីរបានធ្វើការបិទ ប្រព័ន្ធតាមដាន និង កំណត់អត្តសញ្ញាណរបស់ពួកគេ មុនពេលចូលទៅក្នុងដែនទឹក នៃទឹកដីយេមែន ហើយការត្រួតពិនិត្យ នៅពេលមកដល់បានបង្ហាញថា ជានាវាដែលមានផ្ទុកទៅដោយអាវុធ និងគ្រាប់រំសេវ។

លោកបាននិយាយទៀតថា ក្រុមចម្រុះបានទទួលព័ត៌មាន ដែលបញ្ជាក់ថា កុងតឺន័រទាំងនោះមានបំណងដឹកជញ្ជូន និងចែកចាយទៅកាន់ទីតាំងជាច្រើននៅក្នុងខេត្ត Hadramout ដែលសម្បូរប្រេង របស់ប្រទេសយេមែន ដែលមានព្រំប្រទល់ជាប់ប្រទេសអារ៉ាប៊ីសាអូឌីត និងជាកន្លែងដែលក្រុមប្រឹក្សា អន្តរកាលភាគខាងត្បូង (STC)មានការគាំទ្រដោយសហភាពអារ៉ាប់ UAE ដែលកំពុងពង្រីកវត្តមានយោធានាពេលថ្មីៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top