លោក ដូណាល់ ត្រាំថា សហរដ្ឋអាមេរិកបានបំផ្លាញ “ទីតាំងដ៏ធំ” នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កងកម្លាំងអាមេរិកបានបំផ្លាញ “កន្លែងដ៏ធំ” នៅតាមបណ្តោយឆ្នេរនៃប្រទេសវេណេស៊ុយអេឡា ដែលជាការកត់សម្គាល់ នូវអ្វីដែលហាក់ដូចជាការវាយប្រហារ លើដីដែលគេដឹងជាលើកដំបូង ដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ លោក ត្រាំ បាននិយាយជាលើកដំបូង អំពីសកម្មភាពយោធា របស់សហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសន៍មួយតាមវិទ្យុ WABC ដោយនិយាយថា “យើងទើបតែបានយកឈ្នះ.. រោងចក្រដ៏ធំ ឬកន្លែងធំដែលកប៉ាល់មក ដូច្នេះយើងបានវាយពួកគេយ៉ាងខ្លាំង” ។
ថ្លែងនៅឯ Mar-a-Lago រួមជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃច័ន្ទ លោក ដូណាល់ ត្រាំ បានពណ៌នាគោលដៅថាជាតំបន់ “អនុវត្ត” ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងទៅនឹងការជួញដូរគ្រឿងញៀន។ លោកបានថ្លែងថា៖ «មានការផ្ទុះដ៏ធំមួយនៅកន្លែងចត ដែលពួកគេផ្ទុកគ្រឿងញៀនក្នុងទូក»។
សូមជម្រាបថា លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហើបថា សហរដ្ឋអាមេរិកអាចបើកការវាយប្រហារតាមផ្លូវគោកក្នុងប្រទេសវេណេស៊ុយអេឡា និងបានអនុញ្ញាតឱ្យប្រតិបត្តិការ CIA សម្ងាត់នៅក្នុងប្រទេសនេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយដើម្បីដាក់សម្ពាធលើប្រធានាធិបតី Nicolas Maduro ។ ប្រធានាធិបតីអាមេរិកបានបដិសេធមិនបញ្ជាក់ថាតើ CIA មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារចុងក្រោយនេះឬអត់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
