ព័ត៌មានជាតិ

ចលនាមហាជន​ បង្ហាញអារម្មណ៍ក្តុកក្តួល ពេលមកទទួល វីរជនកងទ័ព១៨រូប

ភ្នំពេញ ៖ មហាជនយ៉ាងច្រើនកុះករនៅទូទាំងរាជធានីភ្នំពេញ បាននាំគ្នាដោយទឹកចិត្តស្មោះ សប្បាយរីកមកទទួលស្វាគមន៍ វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានភាគីថៃដោះលែង នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយក៏ត្រូវបានធ្វើដំណើរ បន្តមកកាន់រាជធានីភ្នំពេញ នៅរសៀលថ្ងៃដដែលនេះ ។

អ្នកស្រី វង់ សុគន្ធា មកពីសង្កាត់ផ្សារកណ្តាលមួយ ខណ្ឌដូនពេញ នៅឈរចាំស្វាគមន៍វីរកងទ័ព ដែលកំពុងធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី នៅមុខទីស្តីការគណៈរដ្ឋមន្រ្តីបានបង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំង ចំពោះវត្តមានវីរកងទ័ពទាំង១៨រូប មកដល់រាជធានីភ្នំពេញ តាមរយៈការធ្វើដំណើរ តាមឧទ្ធម្ភចក្រចំនួន ៤គ្រឿង ដែលបានមកដល់ព្រះលានយន្តអន្តរជាតិពោធិ៍ចិនតុង នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងសំឡេងខ្សឹកខ្សួលលាយឡំ ជាមួយទឹកភ្នែកអ្នកបន្តថា លោកស្រីបានត្រៀមចិត្តជាងមួយខែមុនមកម្ល៉េះ បន្ទាប់ពីមានការលេចលឺថា ភាគីថៃនឹងដោះលែងទ័ពកម្ពុជា ទាំង១៨រូបនេះមកវិញ ។

សម្រាប់ស្រ្តីម្នាក់ទៀត ក៏មិនខុសពីស្រ្តីខាងលើនេះ បាននិយាយក្នុងទឹកមុខក្រៀមក្រោះពោរពេញដោយក្តីអាណិត លាយការសប្បាយ ចំពោះវត្តមានកងទ័ពទាំង១៨នាក់នេះ ដោយមិនភ្លេចថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងចរចា ជាមួយភាគីតាមរយៈសហគមន៍អន្តរជាតិ ឲ្យមានការដោះលែងយោធិនកម្ពុជាទាំង១៨រូបនេះមកវិញ ។

សូមបញ្ជាក់ថា ក្រោយបទឈប់បាញ់សរវាងកម្ពុជា-ថៃ បានចូលជាធរមានកាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រំលងតែមួយថ្ងៃប៉ុណ្ណោះពោល នៅព្រឹកថ្ងៃទី២៩ កក្កដា កងទ័ពកម្ពុជាត្រូវបានយោធាថៃចាប់ខ្លួន២០នាក់ ហើយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ យោធាកម្ពុជា២នាក់ក្នុងចំណោម២០នាក់ត្រូវបានភាគីថៃប្រគល់មកកម្ពុជាវិញ ៕

To Top